លោក Patrick Murphy៖ បរិស្ថានវិនិយោគនៅកម្ពុជាកំពុងទាក់ទាញអ្នកវិនិយោគមកពីសហរដ្ឋអាមេរិក
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy បានមានប្រសាសន៍ថា ដោយសារបរិស្ថានវិនិយោគនៅកម្ពុជាមានភាពទាក់ទាញ មានអ្នកវិនិយោគអាមេរិកជាច្រើនកំពុងមានចំណាប់អារម្មណ៍ដាក់ទុនវិនិយោគនៅកម្ពុជា។
លោក Patrick Murphy បានលើកឡើងយ៉ាងដូច្នេះក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។
ក្នុងជំនួបនេះដែរ ឯកអគ្គរដ្ឋទូតអាមេរិក បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានចាត់វិធានការអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងន័យចូលរួមជួយស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ សាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិសហរដ្ឋអាមេរិក (DFC) នឹងផ្ដល់បិរញ្ញប្បទានដែលមានអត្រាការប្រាក់ទាប់ដល់វិស័យឯកជននៅកម្ពុជា ពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីសម្រាលការលំបាកក្នុងពេលកំពុងប្រឈមនឹងវិបត្តិកូវីដ១៩។
ឯកអគ្គរដ្ឋទូតអាមេរិកបានលើកឡើងថា លោកនឹងលើកទឹកចិត្ត ឲ្យអ្នកវិនិយោគអាមេរិកជាច្រើនទៀត មកវិនិយោគនៅកម្ពុជា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ និងរួមចំណែកជួយដល់ជីវភាពរបស់ ប្រជាជនកម្ពុជា។
ជាការឆ្លើយតបឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលកន្លងមកបានផ្ដល់ហិរញ្ញប្បទានឥតសំណងរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ពិសេសវិស័យសុខាភិបាល អប់រំ កសិកម្ម បរិស្ថាន និងអភិបាលកិច្ច។ ឯកឧត្ដមបន្តថា សហរដ្ឋអាមេរិក ក៏ដូចជាដៃគូអភវិឌ្ឍន៍ដទៃទៀតដែរ បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ជាក់ស្ដែង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ សហរដ្ឋអាមេរិកបានប្រកាសផ្ដល់ហិរញ្ញទានឥតសំណងចំនួន៧,៥លានដុល្លារអាមេរិក សម្រាប់ស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ប្រយុទ្ធប្រឆាំង និងជំងឺរាតត្បាតនេះ។
ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន បានបន្តទៀតថា កម្ពុជាបច្ចុប្បន្នកំពុងអនុវត្តវិធានការអន្តរាគមន៍ សំដៅរក្សាលំនឹងសេដ្ឋកិច្ច និងសង្គម និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នឹងប្រែក្លាយបញ្ហាប្រឈមជាមួយវិបត្តិកូវីដ១៩ ឲ្យទៅជាកាលានុវត្តភាពក្នុងការធ្វើកំណែទម្រង់ និងត្រៀមខ្លួនសម្រាប់ការបើកសេដ្ឋកិច្ចឡើងវិញ។ ដោយឡែក កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា-អាមេរិក បានដំណើរការយ៉ាងរលូន និងប្រកបដោយវឌ្ឍនភាពគួរឲ្យកត់សម្គាល់។
ជាទីបញ្ចប់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណជាថ្មីម្ដងទៀតដល់រដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានរួមវិភាគទានដ៏ថ្លៃថ្លាដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា៕