រាជរដ្ឋាភិបាលកម្ពុជា បានបើកផ្តល់ប្រាក់ឧបត្ថម្ភជិត ៨០លានដុល្លារ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រមាណជាង ៧៨ លានដុល្លារអាមេរិក ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ហើយរាជរដ្ឋាភិបាលនៅបន្ដពិនិត្យ និងតាមដាន នូវឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ នេះ មកលើជីវភាពរស់នៅ ដោយត្រៀមលក្ខណៈ ដើម្បីបន្តអនុវត្តកម្មវិធីជំនួយសង្គម ដើម្បីរក្សាលំនឹងសង្គម-សេដ្ឋកិច្ច ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា លើកឡើងនៅក្នុងជំនួបជាមួយ លោក Markus Buerli ប្រធានទីភ្នាក់ងារសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការអន្តរាគមន៍ ចំនួន ៥ ជុំ រួចមកហើយ ដើម្បីដោះស្រាយ និងទប់ស្កាត់ចំពោះផលប៉ះពាល់មកលើសេដ្ឋកិច្ច ដោយផ្តោតលើ ៖ ការរក្សាលំនឹងជីវភាពប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលងាយរងគ្រោះ បំផុត ការស្រោចស្រង់ និងរក្សាលំនឹងអាជីវកម្ម-ធុរកិច្ច, ការត្រៀមស្តារសេដ្ឋកិច្ចពីវិបត្តិនៃជំងឺកូវីដ-១៩ ទ្បើងវិញ ។
រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងគោលបំណងជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ ។ គិតត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នេះ រាជរដ្ឋាភិបាលបានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រមាណ ៧៨ លានដុល្លារអាមេរិក ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ហើយរាជរដ្ឋាភិបាលនៅបន្ដពិនិត្យ និងតាមដាននូវឥទ្ធិពល នៃវិបត្តិជំងឺកូវីដ-១៩ នេះ មកលើជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយត្រៀមលក្ខណៈដើម្បីបន្តអនុវត្ត កម្មវិធីជំនួយសង្គម ដើម្បីរក្សាលំនឹងសង្គម-សេដ្ឋកិច្ចផងដែរ៕