មេបញ្ជាការកងពលតូចលេខ៧០ បញ្ជាឲ្យកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ត្រៀមជួយសង្រ្គោះពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង
ភ្នំពេញ៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ក្នុងទីបញ្ជាការកងពល បានដាក់បទបញ្ជាមួយបន្ទាន់ឲ្យ កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ត្រៀមខ្លួន២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ខណៈដែលកម្លាំងកងទ័ពនៃកងយោធពលខេមរភូមិន្ទ ក៏បានចេញប្រតិបត្តិការសង្គ្រោះ នៅខេត្តមួយចំនួនរួចហើយផងដែរ។
ការត្រៀមខ្លួននេះធ្វើឡើងក្រោយពីក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងមេកងទ័ពជើងគោក បានចេញបទបញ្ជាថា សម្រាប់កងទ័ពនៃកងយោធពលខេមរភូមិន្ទ ត្រូវត្រៀមកម្លាំង និងសម្ភារៈសម្រាប់ទៅជួយសង្រ្គោះប្រជាលរដ្ឋតាមបណ្តាខេត្តនីមួយៗ។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក មានប្រសាសន៍ថា កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ របស់កងពលបានត្រៀមខ្លួន និងត្រៀមសម្ភារៈរួចជាស្រេចក្នុងបេសកកម្មមួយនេះ នៅខណៈដែលរាល់ថ្ងៃតាមបណ្តាខេត្តមួយចំនួន នៅភាគខាងលិចប្រទេសកម្ពុជា កំពុងរងគ្រោះដោយទឹកជំនន់ ដែលបណ្តាលមកពីធ្លាក់ភ្លៀងខ្លាំងជាបន្តបន្ទាប់ ខណៈដែលការព្យាករណ៍បានបញ្ហាថា នឹងមានភ្លៀងថែមទៀត នៅកម្ពុជា។
ឯកឧត្ដម បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងប្រទេសរបស់យើង។ ហើយមានការព្យាករណ៍ថា នឹងមានព្យុះចំនួន២ទៀត ដែលនឹងមកដល់ឆាប់ៗនេះ ដោយឡែកស្ថានភាពទឹកជំនន់បានហក់ឡើងទៀត ជាពិសេសខេត្តពោធិ៍សាត់ ដោយបានលិចផ្លូវជាតិលេខ៥ ផងនោះ ។ដោយមានក្តីបារម្ភ ដែលត្រូវត្រៀមកងកម្លាំងគ្រប់ពេលវេលា ដើម្បីចេញប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលា៕