ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់៖ កងពល ប្ដេជ្ញារក្សាការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ រដ្ឋាភិបាលស្របច្បាប់
ភ្នំពេញ៖ ថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍លើកទី២៦ ថ្ងៃបង្កើតកងពលតូចលេខ៧០ មេបញ្ជាការកងពលតូចលេខ៧០ បានមានប្រសាសន៍ថា កងពលបានប្ដេជ្ញារក្សាការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់។
ពិធីនេះបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្ដម ឧត្ដសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការកងពល។
ឯកឧត្ដម ឧត្ដសេនីយ៍ឯក មានប្រសាសន៍ថា ការរីកចម្រើនរបស់កងពល គឺការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយផ្សេងៗ កសាងមណ្ឌលសុខភាព ការជួយព្យាបាលជូនប្រជាជនដោយឥតគិតថ្លៃ។ ទោះបីជាយ៉ាងណាកងពល បានប្ដេជ្ញារក្សាការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះគោលជំហររបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកដឹកនាំ។
កងពលតូចលេខ៧០ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមទប់ស្កាត់ការរីករាល នៃមេរោគកូវីដ១៩ តាមរយៈការចុះបាញ់ថ្នាំសម្លាប់មេរោគតាមបណ្តាអង្គភាពទ័ពនិងស៊ីវិល ព្រមទាំងបាញ់ថ្នាំជូនប្រជាពលរដ្ឋជាអាជីវករតាមផ្សារក្នុងរាជធានីភ្នំពេញ ពិសេសការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងពេលដែលប្រទេសកម្ពុជាកំពុងរងគ្រោះដោយសារទឹកជំនន់។
ឯកឧត្ដមបន្តថា សម្រាប់ទិសដៅឆ្នាំ២០២១ កងពលមានផែនការបន្ថែមលើការហ្វឹកហ្វឺន ដើម្បីបង្កើននូវសមត្ថភាពដល់នាយទាហាន នាយទាហានរង និងពលទាហានជំនាន់ក្រោយ ដែលជាយោធិនវ័យក្មេងបន្តវេនទៅខាងមុខទៀតផង ។ កងពលបានត្រៀមខ្លួនជាស្រេចអនុវត្តដាច់ខាតនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ។
សូមជម្រាបថា កងពលតូចលេខ៧០ គឺ បង្កើតឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ ដែលដំបូងឡើយគឺមាន ឈ្មោះថាវរសេនាតូចលេខ៧១ បន្ទាប់មកបានប្រែក្លាយទៅជាវរសេនាធំលេខ៧០ មកដល់បច្ចុប្បន្នទើបក្លាយ ជាកងពលតូចលេខ៧០៕