ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខកងកម្លាំងសង្គ្រោះដែលប្រចាំការនៅគោលដៅស្ពានថ្ម ខណ្ឌដង្កោ
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២០ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការកង ពលតូចលេខ៧០ បានអញ្ជើញចុះទៅពិនិត្យ និងសួរសុខទុក្ខកងកម្លាំងសង្រ្គោះដែលបានប្រចាំការនៅគោលដៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលទទួលរងការលិចលង់ដោយទឹកជំនន់។
សូមជម្រាបជូនថា សម្រាប់ខណ្ឌដង្កោ បានទទួលរងការលិចលង់ដោយទឹកជំនន់អស់រយៈពេល១០ថ្ងៃមកហើយ ឯការដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារៈ គឺនៅតែបន្តសកម្មភាពដដែល។ ក្នុងនោះដែរកម្លាំងសង្រ្គោះ របស់កងពលតូចលេខ៧០ បានសហការជាមួយ កម្លាំងចម្រុះដទៃទៀតផងដែរ។
ឯកឧត្ដមមេបញ្ជាការកងពល បានជំរុញឲ្យកងកម្លាំងសង្រ្គោះទាំងអស់នៅតែបន្តត្រូវយកចិត្តទុកដាក់ ជួយប្រជាពលរដ្ឋអោយទាន់ពេលវេលាដែលពួកគាត់ត្រូវការជួយដឹកជញ្ជូន។
គួរបញ្ជាក់ថា កងកម្លាំងសង្រ្គោះរបស់កងពលតូចលេខ៧០ បានប្រើប្រាស់អូប័រចំនួន ១០គ្រឿង ដែលមានកម្លាំងទ័ពរបស់កងពលមានចំនួនប្រមាណ១០០នាក់៕