ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយជាង ៥០០តោន ត្រូវបានដុតកម្ទេចចោល
ភ្នំពេញ៖ ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយ ៦មុខ រួមមាន ផលិតផលឱសថ គ្រឿងសំអាង ថ្នាំកសិកម្ម បារីអេឡិចត្រូនិច ផលិតផលប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជាង ៥០០តោន ត្រូវបានដុតកម្ទេចចោល នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ឋ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ បានរៀបចំកម្មវិធីកម្ទេចចោលឱសថខុសច្បាប់ចំនួន៧.៧តោន និងផលិតផលក្លែងក្លាយចំនួន៥៣៣តោន ដែលកងកម្លាំងសមត្ថកិច្ច ចម្រុះ នៃគណៈកម្មាធិការបានបង្ក្រាប និងរឹបអូសនាពេលកន្លង។
ឯកឧត្តម មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយ បានឱ្យដឹងថា ការកម្ទេចចោលឱសថអន់គុណភាព និងផលិតផលក្លែងក្លាយនៅពេលនេះ គឺមាន០៦មុខរួមមាន៖ ផលិតផលឱសថ គ្រឿងសំអាង ថ្នាំកសិកម្ម បារីអេឡិចត្រូនិច ផលិតផលប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ។
ឯកឧត្តមបន្តថា ផលិតផលក្លែងក្លាយត្រូវបានចាត់ទុកជាបទល្មើស និងពាក់ព័ន្ធជាមួយបទឧក្រិដ្ឋឆ្លងដែន ដែលធ្វើអោយខាតបង់ដល់វិស័យសេដ្ឋកិច្ចជាតិ។ទស្សនៈវិស័យ និងបេសកម្មរបស់គណៈកម្មាធិការ គឺមិនត្រឹមតែបាននឹងកំពុងការពារ និងលើកស្ទួយសុខុមាលភាពប្រជាជនយើងប៉ុណ្ណោះទេ ហើយថែមទាំងធ្វើអោយអ្នកវិនិយោគទាំងឡាយ នាំគ្នាគោរច្បាប់ និងនាំចំណូលបង្កើនពន្ឋជូនរដ្ឋ។
គួរបញ្ជាក់ដែរថានេះគឺជាលើកទី០៩ហើយដែលគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើពិធីដុតកម្ទេចចោលនូវផលិតផលក្លែងក្លាយ ជាពិសេសផលិតផលដែលធ្វើអោយប៉ះពាល់ដល់សុខភាពនិងអាយុជីវិតអ្នកប្រើប្រាស់៕