គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រេសិតពិសេសប្រធានអាស៊ាន៖ កម្ពុជាប្រកាន់ភ្ជាប់ជានិច្ចក្នុងភាពមិនលំអៀង និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២​ |
    ប្រេសិតពិសេសប្រធានអាស៊ាន៖ កម្ពុជាប្រកាន់ភ្ជាប់ជានិច្ចក្នុងភាពមិនលំអៀង និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ប្រេសិតពិសេសប្រធានអាស៊ាន៖ កម្ពុជាប្រកាន់ភ្ជាប់ជានិច្ចក្នុងភាពមិនលំអៀង និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា

    ភ្នំពេញ៖ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបញ្ជាក់ថា​ ប្រទេសកម្ពុជានៅ​តែប្រកាន់​ភ្ជាប់​ភាពមិនលំអៀង និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ប៉ុន្តែបន្ត​អំពាវនាវ​ឲ្យ​គ្រប់​ភាគីទាំងអស់ ប្រកាន់យកភាពស្ងប់ស្ងាត់ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋរបស់ខ្លួន។

    ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ដំណើរទស្សនកិច្ចលើកដំបូងនៅសហភាពមីយ៉ាន់ម៉ា ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​លើកដំបូងនេះ ​គឺដើម្បីតាមដាន និង​ពិនិត្យការ​ជឿនលឿន នៃការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន​ ក្រោយដំណើរ​ទស្សន​កិច្ច​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ាន ​កាលពីអំ​ឡុងខែមករា​ ឆ្នាំ​២០២២​។ ឯកឧត្តមបានប្តេជ្ញាជាថ្មីថា កម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចភាពមិនលម្អៀង ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង និងអធិបតេយ្យភាពរបស់មីយ៉ាន់ម៉ាឡើយ។

    ឯកឧត្តមឧបនាយកដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធនានាតែងតែ​រំពឹង​លទ្ធផល​ផ្សេងៗគ្នា តាមទស្សនៈ និងប្រយោជន៍រៀងៗគ្នា តែអ្វីដែលសំខាន់បំផុតនោះ គឺកិច្ច​ព្រមព្រៀង​បទឈប់បាញ់ភ្លាមៗ តែបញ្ហានេះ នៅដំណើរការវែងឆ្ងាយណាស់ ព្រោះការ​បាញ់​គ្នា​នៅ​មីយ៉ាន់ម៉ា មិនមែនទើបតែកើតមានថ្មីៗនោះទេ ដែលទាមទារ​ឱ្យប្រឹងប្រែង​ចូលរួម​ដោះស្រាយ​គ្នាបន្ថែម​ទៀត និងជាបន្តបន្ទាប់។

    ទន្ទឹមគ្នានេះ ក្រៅពីការស្នើបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា ​ឯកឧត្តម ប្រាក់ សុខុន ​បានបញ្ជាក់ថា បញ្ហា​ជំនួយមនុស្សធម៌សម្រាប់ចែកជូនប្រជាជនមីយ៉ាន់ម៉ា ​ក៏ជាជំហានសំខាន់ ក្នុង​ឋានៈជា​ប្រេសិតពិសេស ដើម្បីពិចារណាដាក់​បញ្ជូល​ទៅក្នុងកិច្ចប្រជុំពិ​គ្រោះយោបល់​ក្នុងបំណាច់​ខែមេសាខាង​មុខនេះ។

    ជុំវិញបញ្ហានៅមីយ៉ាន់ម៉ា ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងជាថ្មីថា នឹងមិន អាច​បញ្ចប់បានតាមរយៈទស្សនកិច្ចមួយថ្ងៃ​ ឬមួយខែ​ និងមួយឆ្នាំបានឡើយ​ ដោយសារមីយ៉ាន់ម៉ា ជាប្រទេស​បានប្រឈមការវាយប្រហារគ្នារវាងយោធា ​និងក្រុមប្រដាប់អាវុធ​ ដែលមកទល់ពេលនេះ មានរយៈពេលជាង៧០ឆ្នាំមកហើយ។  ឯកឧត្តមបន្តថា កម្ពុជាគ្មានផលប្រយោជន៍អ្វីចំពោះមុខពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ានោះទេ ក្រៅពីភាពជាមិត្ត នៃប្រទេសក្នុងតំបន់អាស៊ាន តែកម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមអូសបន្លាយជាច្រើនទសវត្សន៍ពិតជាចង់ឃើញមីយ៉ាន់ម៉ា មានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅដោយភាពសប្បាយរីករាយ។

    ឯកឧត្តមឧបនាយកដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជានៅតែចង់ជួយ ចង់ចូលរួម​ដោះស្រាយ​បញ្ហាអស្ថិរភាពនៅមីយ៉ាន់ម៉ា និងប្រឹងប្រែង​ស្វែងរ​ក​ដំណោះស្រា​យ​ដោយ​ភាព​អត់​ធ្មត់បំ​ផុត។ អ្វីដែលកម្ពុជាចង់បាន គឺអាស៊ានត្រូវតែវិលមកកាន់១០ប្រទេសឡើងវិញ ហើយ​ប្រជាជន​មីយ៉ាន់ម៉ា អាចរស់នៅក្នុងសុខសន្តិភាព៕

     

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង