ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០២នាក់បន្ថែមទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា
ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលបានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន ០២នាក់បន្ថែមទៀត ដែលសុទ្ធជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងមិនមានករណីជាសះស្បើយទេ។
ករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ករណីនេះ កើតឡើងលើ៖
- បុរជនជាតិខ្មែរឈ្មោះ អ៊ី តារា អាយុ ២១ឆ្នាំ រស់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ (ធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា ធ្វើការនៅPedro ផ្លូវព្រះសីហនុ)
- ស្ត្រីជនជាតិខ្មែរឈ្មោះ ជី ពេជ្រឆារ៉ា អាយុ២៩ឆ្នាំ រស់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (ជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ បានចូលក្នុងហារ Zendo បឹងកេងកង ថ្ងៃទី២៧វិច្ឆិកា)
សូមជម្រាបជូនថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សរុបទាំងអស់បានចំនួន ១១ ៣០៤សំណាក ដែលក្នុងនោះ មានអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មីសរុបចំនួន ៣២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។
ជាមួយគ្នានេះដែរ នៅថ្ងៃនេះ គឺជាថ្ងៃតេស្តលើកទី២ សម្រាបក់អ្នកប៉ះពាល់ទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទាំងអស់ ក្រសួងសុខាភិបាលបានរៀបចំទីតាំងនៅបរិវេណក្រសួងមហាផ្ទៃសម្រាប់បុគ្គលិក-មន្ត្រីរាជការស៊ីវិល ឯថ្ងៃទី០៨ធ្នូស្អែកនេះ ក្រសួងសុខាភិបាល នឹងរៀបចំទីតាំងនៅបរិវេណពហុកីឡដ្ឋានជាតិ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ និងនៅតាមមន្ទីរសុខាភិបាលរាជធានីខេត្ត(ដែលទទួលខុសត្រូវក្នុងការរៀបចំទីកន្លែងនៅពេលនោះ សម្រាប់អ្នកពាក់ព័ន្ធនៅតាមខេត្ត)។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៤៨នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០៦នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៤២នាក់ និងមិនមានករណីស្លាប់ទេ៕