ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០៣នាក់ និងមានអ្នកជំងឺកូវីដ ០៣នាក់ជាសះស្បើយ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញករណីឆ្លងកូវីដ១៩ ថ្មីចំនួន ៣នាក់ថែមទៀត ដោយក្នុងនោះមានម្នាក់ជាកុមារា អាយុ១ឆ្នាំ ត្រូវជាកូនប្រុសរបស់អ្នកជំងឺម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ ចំណែកអ្នករកឃើញវិជ្ជមាន ២នាក់ផ្សេងទៀតគឺជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស និងមានអ្នកជំងឺកូវីដ១៩ ចំនួន ០៣នាក់ ដែលបានជាសះស្បើយ។
ករណីវិជ្ជមានកូវីដ១៩ ចំនួន ០៣នាក់ រួមមាន៖
- កុមារាជនជាតិខ្មែរ អាយុ១ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គាត់ជាកូនប្រស់របស់ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ដែលវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
- ស្ត្រីជនជាតិខ្មែរ អាយុ៦៦ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។
- ស្ត្រីជនជាតិជប៉ុន អាយុ៣៤ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ចំពោះករណីជាសះស្បើយចំនួន៣នាក់ ដែលជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» រួមមាន៖
- បុរសជនជាតិខ្មែរ អាយុ៥៧ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត រាជធានីភ្នំពេញ ជាអគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ ដោយទទួលបានលទ្ធផលអវិជ្ជមានចំនួន ៣ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត។
- ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាសមាជិកគ្រួសាររបស់អ្នកបើកបរឲ្យលោកអគ្គនាយកពន្ធនាគារ។
- បុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើការនៅក្រសួងមហាផ្ទៃ ដែលជាអ្នកប៉ះពាល់ជាមួយអគ្គនាយកពន្ធនាគារ។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានអ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៣៦២នាក់ (ស្ត្រី ៨៦នាក់ និងបុរស ២៧៦នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយមានចំនួន ៣១២នាក់ អ្នកសម្រាកព្យាបាលនៅមន្ទីរចំនួន ៥០នាក់ និងមិនមានករណីស្លាប់ទេ៕