អ្នកជំងឺកូវីដ១៩ ០២នាក់ទៀតបានជាសះស្បើយ ក្នុងនោះមានម្នាក់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្ដីជូនព័ត៌មានមួយស្ដីពីស្ថានភាពនៃជំងឺកូវីដ១៩ ដោយបានបញ្ជាក់ថា មានករណីជាសះស្បើយចំនួន ០២នាក់ ក្នុងនោះ អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ០១នាក់ ឯ ០១នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា និងមិនមានករណីឆ្លងថ្មីទេ សម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
១. ករណីជាសះស្បើយចំនួន ០១នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តការណ៍សហគមន៍២៨វិច្ឆិកា៖ ស្ត្រីជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
២. ករណីជាសះស្បើយចំនួន ០១នាក់ ជាអ្នកដំណើរចូលមកកម្ពុជា៖ បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកដងទង់ ខេត្តកំពត ជាអ្នកដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ត្រូវបានព្យាបាលជាសះស្បើយ ដោយបានទទួលលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យចាក់អង្រែ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា អ្នកជំងឺកូវីដ១៩ ដែលបានរកឃើញពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ សរុបមានចំនួន ៤១នាក់ ដែលក្នុងចំនួននេះ មានអ្នកជាសះស្បើយចំនួន ៣២នាក់ហើយ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៦៣ នាក់ (ករណីនាំចូល ៣២២, ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ៤១នាក់) ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៣៤៩នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៤នាក់ និងមិនមានអ្នកស្លាប់ទេ៕