គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោក​ជំទាវ​ ឱ វណ្ណឌីន​៖ វីរុសកូវីដ​១៩​ ឆ្លងលឿនបំផុតតាមក្រដាសប្រាក់ ហើយវាអាចរស់​រហូតដល់ ២៨ថ្ងៃ​ឯណោះ ​លើក្រដាសប្រាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆ្នាំ២០២០​ |
    លោក​ជំទាវ​ ឱ វណ្ណឌីន​៖ វីរុសកូវីដ​១៩​ ឆ្លងលឿនបំផុតតាមក្រដាសប្រាក់ ហើយវាអាចរស់​រហូតដល់ ២៨ថ្ងៃ​ឯណោះ ​លើក្រដាសប្រាក់ លោក​ជំទាវ​ ឱ វណ្ណឌីន​៖ វីរុសកូវីដ​១៩​ ឆ្លងលឿនបំផុតតាមក្រដាសប្រាក់ ហើយវាអាចរស់​រហូតដល់ ២៨ថ្ងៃ​ឯណោះ ​លើក្រដាសប្រាក់

    ភ្នំពេញ​៖ លោក​ជំទាវ​ ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​ និង​ជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ បានបញ្ជាក់​ប្រាប់​ឲ្យដឹង​ថា​ ​វីរុសកូវីដ​១៩​ វាឆ្លង​តាម​ការ​កាន់​ក្រដាសប្រាក់​ដែល​មានប្រឡាក់​ទឹករំអិល​ផ្លូវ​ដង្ហើម​អ្នកមានវីរុសនេះ លឿនជាទីបំផុត ហើយ​វាក៏អាចរស់នៅលើក្រដាសប្រាក់រហូត​ដល់ទី​២៨ថ្ងៃឯណោះ​។

    លោក​ជំទាវ​ ឱ វណ្ណឌីន​ បាន​ពន្យល់យ៉ាងដូច្នេះថា «ប្រសិនបើបុគ្គលដែលមានវីរុសកូវីដ-១៩  យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហើម  ដូចជា  សំបោរ  ឫស្លេសទឹកមាត់  ឬ​យក​ដៃខ្ទប់​មាត់​ពេល​ក្អក​កណ្តាស់ ​ ហើយមិនបានលាងដៃនឹងសាប៊ូ  ឫអាល់កុល  ឫទឹកជែលសម្រាប់លាងដៃ  ភ្លាមៗ ​ទេ​នោះ ​ រួចយកដៃនោះមកកាន់ក្រដាសប្រាក់  គឺវីរុសកូវីដ-១៩  នឹងតោងលើក្រដាស់ប្រាស  ហើយ​ក្រដាស​ប្រាក់​នោះ  បាន​ហុច​បន្ត​ទៅ​បុគ្គល​ម្នាក់​ទៀត  នៅពេលដែលបុគ្គល​នោះ​ចាប់​កាន់​ក្រដាស​ប្រាក់ ​ វីរុសកូវីដ-១៩  នឹង​តោង​មក​ដៃបុគ្គល​នោះ  ហើយបុគ្គលនោះ  យកដៃ​ដែល​កាន់​ក្រដាស​ប្រាក់មាន​វីរុសនេះ  មកប៉ះច្រមុះ  មាត់  ភ្នែក  ជាដើម  ដែលធ្វើ​ឲ្យ​មាន​ការ​ចម្លង​បាន​លឿនជា​ទីបំផុត​ ។  បន្ទាប់មក  ក៏មានការចម្លងបន្តៗគ្នា  ប្រសិនបើមិនបាន  លាងដៃ  ពាក់ម៉ាស់  និង​មាន​គម្លាត​សុវត្ថិភាព​បុគ្គល​ពី​មួយ​ម៉ែត្រកន្លះឡើង​ទៅ។​» 

    លោក​ជំទាវ​ បាន​បញ្ជាក់ដែរថា​ វីរុសកូវីដ១៩​នេះ​អាចរស់នៅលើ​ក្រដាសប្រាក់​ កញ្ចក់​ និងផ្ទៃ​ផ្សេងៗ​ទៀត​ រហូត​ដល់ទៅ​២៨​ថ្ងៃឯណោះ បើប្រៀបទៅនឹង​វីរុសផ្ដាសាយ​ធម្មតា​មាន​ប្រហែលតែជាង ១៧ថ្ងៃ​នេះបើ​តាមកា​រ​បញ្ជាក់​របស់​អ្នក​សិក្សា​វិទ្យាសាស្ត្រ នៃ​ប្រទេស​អូស្ត្រាលី​ដែលបាន​ចុះ​ផ្សាយ​ថ្ងៃទី​១២  ខែតុលា  ឆ្នាំ២០២០។

    លោកជំទាវបន្តថា ដូច្នេះហើយ  បា​នជាការលាងសម្អាតដៃ  រាល់ពេល​ចាប់​កាន់​វត្ថុ​ដូច​ជា​តេលេ​កុំម៉ង់  ទូរសព្ទ័អ្នកដទៃ  កញ្ចក់  ក្រដាសប្រាក់  ឬ​ក្រដាស​ស្នាម​ផ្សេង​ៗ ​ មាន​សារៈ​សំខាន់ មែនទែន  ក្រោយកាន់ភ្លាម លាងភ្លែត ឲ្យបានញឹកញាប់  ជាការចាំបាច់បំផុតក្នុងពេលនេះ  ដែល​វីរុស​កូវីដ​១៩  កំពុង​តែ​ចរាចរ  មិនដឹងថានៅទីណា  និងដល់ទីណាខ្លះនោះ។​ ក្រុម​ការងារ​ទាំង​អស់​​បា​ន​​ខិតខំ​ទាំងយប់ទាំងថ្ងៃ  មិន​បាន​សម្រាក​ ដើម្បីកាត់​ផ្តាច់​ខ្សែច​ម្លង​របស់វា  តែ​អាស្រ័យ​លើ​ការ​ចូល​រួមរបស់​បងប្អូនទាំងអស់  លើ​ការ​អនុវត្តន៍តាម​ការណែនាំ  និង​វិធាន​ការ​សុខាភិបាល​ដែល​បាន​ដាក់​ចេញ​រួចហើយនេះ។

    ជាមួយគ្នា​នេះ លោក​ជំទាវ​ ឱ វណ្ណឌីន សង្ឃឹមថា  វីដេអូ  ៥ឃ្លីប​ដែល​បាន​ចេញ​ផ្សាយ​កាល​ព្រឹក​មិញ​នេះ ​ នឹង​បាន​ជួយ​ដល់​ការ​ចូល​រួមរបស់បងប្អូនប្រជាលរដ្ឋ  ក្នុងការអនុវត្តន៍​វិធានការ​សុខាភិបាល ​ ដូច​បាន​ម្រាប​ជូន​រួចហើយ​នេះ ​ បាន​ត្រឹម​ត្រូវ  និង​បានគ្រប់ៗគ្នា  ដើម្បី​បញ្ចៀស​បាន​នូវ​ការចម្លង​ក្នុងសហគមន៍ទ្រង់ទ្រាយធំ  និងកាត់ផ្តាច់ខ្សែចម្លងបន្តគ្នា  នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះបាន​ផង​ដែរ។

    សូមជម្រាបជូនថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី០៦​ ខែធ្នូ ឆ្នាំ​២០២០​ កម្ពុជាមាន​អ្នក​មានវីរុស​កូវីដ​១៩​ សរុបចំនួន​ ៣៤៦នាក់​ ក្នុងនោះ​អ្នកដែលបាន​ព្យាបាល​ជាសះស្បើយ​ចំនួន​ ៣០៦​នាក់​ អ្នក​កំពុងសម្រាកព្យាបាល​ចំនួន​ ៤០នាក់ និង​មិន​មាន​ករណីស្លាប់ទេ​៕

    អត្ថបទទាក់ទង