គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចក្រឡាហោម ស ខេង ជំរុញ​ដល់​អភិបាល​រាជធានី-ខេត្ត​ យកចិត្តទុកដាក់​អនុវត្ត​​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ ឲ្យបាន​ត្រឹម​ត្រូវ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០​ |
    សម្ដេចក្រឡាហោម ស ខេង ជំរុញ​ដល់​អភិបាល​រាជធានី-ខេត្ត​ យកចិត្តទុកដាក់​អនុវត្ត​​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ ឲ្យបាន​ត្រឹម​ត្រូវ​ សម្ដេចក្រឡាហោម ស ខេង ជំរុញ​ដល់​អភិបាល​រាជធានី-ខេត្ត​ យកចិត្តទុកដាក់​អនុវត្ត​​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ ឲ្យបាន​ត្រឹម​ត្រូវ​

    ភ្នំពេញ​៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ នៅថ្ងៃទី​២៨​ ខែធ្នូ ឆ្នាំ​២០២០​នេះ បានណែនាំ​ទៅដល់​ ​អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី-ខេត្ត​ទាំងអស់​ ត្រូវ​យកចិត្តទុក​ដាក់​​អនុវត្ត​នូវ​ការឧបត្ថម្ភសាច់ប្រាក់​ជូន​គ្រួសារក្រីក្រ​ជុំទី​៤នេះ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​សមធម៌។ នេះបើយោង​តា​ម​លិខិត​របស់​សម្ដេចក្រឡាហោម​ ស ខេង​ ផ្ញើជូន​ អភិបាល​នៃ​គណៈអភិបាលរាជធានី-ខេត្ត​។

    តាម​លិខិត​សម្ដេចក្រឡាហោម ស ខេង បានស្នើដល់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះមន្ត្រីឃុំ-សង្កាត់ ដែលអនុវត្តមិនប្រក្រតីណាមួយក្នុងកម្មវិធី ឧបត្ថម្ភសាច់ប្រាក់នេះ ខណៈកម្មវិធីឧបត្ថម្ភនេះទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរនោះ។

    តាមលិខិតសម្តេចក្រឡាហោម បានលើកឡើងទៀតថា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលកំពុងកាន់ប័ណ្ណសមធម៌ ក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់ខែធ្នូ ឆ្នាំ២០២០នេះ ដែលមានគ្រួសារក្រីក្រប្រមាណជាង៧០ម៉ឺនគ្រួសារ គិតជាចំនួនប្រជាជនប្រមាណជាង ២,៨លាននាក់ កំពុងបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។

    សម្ដេចក្រឡាហោមបានបន្ដថា លទ្ធផលជោគជ័យនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ទទួលបាននូវការគាំទ្រ និងកោតសរសើរយ៉ាងធំធេងពី ប្រជាពលរដ្ឋ និងការសាទរពីគ្រប់មជ្ឈដ្ឋាន ជាពិសេសដៃគូអភិវឌ្ឍន៍នានា។

    សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តបើកផ្តល់ការឧបត្ថម្ភសាច់ប្រាក់ជុំទី៤ ចំនួន៣ខែ បន្ថែមទៀត គឺសម្រាប់ខែមករា កុម្ភៈនិងខែមីនា ឆ្នាំ២០២១ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាជនកម្ពុជា ក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ជាសកលនេះ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង