ក្រសួងអប់រំចុះ MOU ជាមួយក្រុមហ៊ុន MK International ផ្សព្វផ្សាយវីដេអូ ៧២វីដេអូ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋទូទៅ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈ នៃការយោគយល់ MoU ជាមួយក្រុមហ៊ុន MKI Investment and Development Co., Ltd. ដើម្បីអភិវឌ្ឍមាតិកាអប់រំ ផលិត និងផ្សព្វផ្សាយវីដេអូ សរុបចំនួន ៧២វីដេអូ ក្រោមរូបភាពការអប់រំ និងការកម្សាន្ត ក្នុងរយៈពេលបីឆ្នាំចាប់ពីឆ្នាំ២០២១ ដល់ ២០២៣ ដើម្បីលើកកម្ពស់ ការយល់ដឹងរបស់ប្រជាជនកម្ពុជាទូទៅ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ មិនថាអ្នកដែលមានឱកាស ឬគ្មាន ឱកាសក្នុងការសិក្សានៅសាលារដ្ឋ ឬបណ្តាសាលាឯកជននានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ពិធីចុះអនុស្សរណៈនៃការយោគយល់ MoU នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោកស្រី ម៉ារី ខេ អ៊ីវជេន អ៊ុលសុន ស្ថាបនិក និងជានាយកក្រុមហ៊ុន MKI នាថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យបាន មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួង យើងមានសេចក្ដីសោមនស្សរីករាយ ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន MKI ប្រទេស ន័រវែស ដែលជាក្រុមហ៊ុនជំនាញផ្នែកផលិតមាតិកាមេឌៀ មកវិនិយោគក្នុងការផលិតកម្មវិធីវីដេអូសំបូរបែបជាច្រើន ព្រមទាំងផ្ដល់ជាចំណេះដឹងក្នុងការរៀនសូត្រលើប្រធានបទផ្សេងៗជាច្រើន ដើម្បីជួយកាត់បន្ថយភាពតានតឹងក្នុង ការសិក្សា ដែលខ្លឹមសារប្រកបដោយការអប់រំ៕