គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជា​ព្យាបាល​អ្នកជំងឺកូវីដ​១៩ ជាសះស្បើយ​អស់ហើយ​ និងមិនមានរកឃើញអ្នកវិជ្ជមានថ្មីឡើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ យោងតាម​សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​​ចេញផ្សាយថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ បាន​ឲ្យដឹងថា គិតត្រឹម​ម៉ោង​៧ព្រឹកនេះ បុរសជនជាតិឥណ្ឌូណេស៊ី ម្នាក់​ អាយុ​១៨​ឆ្នាំ​ ជាអ្នក​ធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​ ត្រូវ​បាន​ព្យាបាលជាសះស្បើយ​ ​(ចុងក្រោយគេបង្អស់)  ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​ អវិជ្ជមាន​វីរុស​កូវីដ​១៩​ ចំនួន​២ដង​ និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពីមន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​។

    ក្រសួងសុខាភិបាល​ បានថ្លែង​អំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ មន្ត្រី បុគ្គលិក​សុខាភិបាល​ និង​ក្រុមគ្រូពេទ្យ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធទាំង​អស់​ ទាំងថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​ អង្គការ​សុខភាពពិភពលោក​ មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក​ វិទ្យា​ស្ថានប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធរណ​ និង​មន្ទីរ​ពិសោធន៍​នៃ​មន្ទីរ​ពេទ្យ​ខេត្តសៀមរាប​ផងដែរ ដែល​បាន​ខិត​ខំបំពេញ​ភារកិច្ច​បានល្អប្រសើរ​បំផុត​ក្នុង​ការ​ជួយ​ពិនិត្យ​សុខភាព និង​ស្រាវជ្រាវ​រកករណី​កូវីដ​១៩​ ព្រមទាំង​អ្នក​ប៉ះពាល់​ទាំងអស់កន្លង​មក​រួមទាំង​ការដាក់​វិធាន​ការនានា​ ដើម្បី​ទប់​ស្កាត់​ការចម្លង​វីរុស​​កូវីដ១៩ នៅក្នុង​ប្រទសេ​កម្ពុជា។

    សូមបញ្ជាក់ថា​ នេះ​ជាលើកទី២​ហើយ​ ដែល​កម្ពុជា​​ព្យាបាល​អ្នកជំងឺ​កូវីដ​១៩ បាន​ជាសះស្បើយ​ ១០០% (ចំនួនសរុប ២៧៤នាក់​)​ បន្ទាប់​ពី​បាន​ព្យាបាល​បាន​ជាសះស្បើយ​ ១០០% លើកទី​១ នៅថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ (អ្នកជំងឺកូវីដ១៩​ មានចំនួន​សរុប​ ១២២នាក់ប៉ុណ្ណោះ)៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង