កម្ពុជា រកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទ Delta ចំនួន ៦៧ករណីបន្ថែមទៀត នៅថ្ងៃទី៤ និងទី៥ សីហា
ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៦៧ករណីបន្ថែមទៀត លើអ្នកដំណើរមកពីបរទេស, ពលករមកពីប្រទេសថៃ អាជីវករ និងប្រជាពលរដ្ឋក្នុងសហគមន៍។
យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មីប្រភេទ B.1.617.2 (Delta) នៅថ្ងៃទី៤សីហា ចំនួន ៣២នាក់ ក្នុងនោះ រកឃើញលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរចំនួន ៣១នាក់ (ស្រី ១៦នាក់) និងលើអាជីវករលក់នំបញ្ចុកស្រុះនៅក្នុងផ្សារតូចទួលសង្កែរាជធានីភ្នំពេញ ១នាក់ (ប្រុស) ហើយនៅថ្ងៃទី៥សីហា ចំនួន ៣៥នាក់ ក្នុងនោះរកឃើញលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរចំនួន ០២នាក់, ប្រជាជនអ្នកភូមិក្នុងសហគមន៍ចំនួន ២៤នាក់ (ស្រី១០នាក់) និងលើពលករមកពីប្រទេសថៃចំនួន ០៩នាក់(ស្រី០៦នាក់)។
សូមកត់សម្គាល់ថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ប្រភេទ ដែលតា (Delta) លើពលករត្រលប់មកពីប្រទេសថៃ អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៣២៧នាក់៕