ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នឹងត្រូវចាប់ផ្ដើមធ្វើនៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេសនៅដើមខែក្រោយ
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនឹងត្រូវចាប់ផ្ដើមធ្វើនៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេសក្នុងថ្ងៃតែមួយ គឺថ្ងៃទី១ ខែតុលា នឹងត្រូវបញ្ចប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
អ្នកនាំពាក្យ គ.ជ.ប ឲ្យដឹងថា អនុវត្តតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ បញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ ត្រូវបិទផ្សាយតាមបណ្ដាឃុំ សង្កាត់ទូទាំងប្រទេសថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។
អ្នកនាំពាក្យបន្តថា គោលបំណងនៃការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ គឺដើម្បីឲ្យអ្នកដែលបានចុះឈ្មោះរួចហើយ មកពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ។ ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោត មិនត្រឹមត្រូវតាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះទេ អ្នកបោះឆ្នោតអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់។ បញ្ជីបោះឆ្នោតចុងក្រោយក្រៅពីបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ នៅតាមទីប្រជុំជនក្នុងឃុំ សង្កាត់ក៏មានបង្ហោះនៅលើគេហទំព័រ គជប voterlist.nec.gov.kh និងកម្មវិធីទូរស័ព្ទដៃ App Voterlist KH ផងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០១៩ មានចំនួន ៨៦២៩៣៥៧នាក់ ដោយឡែកសម្រាប់ឆ្នាំ២០២០នេះ យោងតាមស្ថិតិប្រជាពលរដ្ឋ និងចំនូនការិយាល័យបោះឆ្នោតប៉ាន់ស្មាន គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន ៣០០៣៩០នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួន ១២៣២៥១នាក់ រីឯការិយាល័យបោះឆ្នោតវិញមានចំនួន ២៣៤១៨ការិយាល័យ៕