កម្ពុជាទទួលជំនួយទូបង្កករក្សាវ៉ាក់សាំងជាង ១០០គ្រឿង និងបរិក្ខារប្រព័ន្ធត្រជាក់មួយចំនួនទៀត ពីអូស្ត្រាលី
ភ្នំពេញ ៖ កម្ពុជា ទទួលជំនួយទូបង្កកត្រជាក់ខ្លាំង ចំនួន៣៣គ្រឿង ទូទឹកកករក្សាវ៉ាក់សាំងចំនួន ១០០គ្រឿង និងបរិក្ខារប្រព័ន្ធត្រជាក់មួយចំនួនទៀត ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសអូស្ត្រាលី ។
ពិធីប្រគល់-ទទួលជំនួយខាងលើនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល និងឯកឧត្តម Pablo Kang (ផាប្លូ កាង) ឯកអគ្គរដ្ឋទូត នៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល ។
លោកស្រី ហ្វ័ររូ ហ្វ័រយូហ្សាត តំណាងអង្គការយូនីសេហ្វ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា យូនីសេហ្វ មានមោទនភាព ដែលបានសហការយ៉ាងជិតស្និទជាមួយរាជរដ្ឋាភិបាល និងដៃគូនានា ដូចជាស្ថានទូតអូស្រ្តាលី ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងឈានមុខក្នុងពិភពលោក របស់ប្រទេសកម្ពុជា។ ជាមួយនឹងអំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាលអូស្រ្តាលី យើងនឹងអាចបន្តគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា និងពង្រឹងប្រព័ន្ធសុខាភិបាលទាំងមូល ក្រោយបន្ទាប់ពីជំងឺរាតត្បាតនេះផងដែរ។ សមត្ថភាពបន្ថែម នៃបរិក្ខារប្រព័ន្ធត្រជាក់នេះ នឹងមានតម្លៃមិនអាចកាត់ថ្លៃបាន ចំពោះសេវាសុខាភិបាល សម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ ដូចជាការពង្រឹងការផ្តល់វ៉ាក់សាំងជាប្រចាំដល់កុមារ និងការសង្រ្គោះអាយុជីវិតកុមាររាប់មិនអស់។ យើងរីករាយណាស់ ដោយបានដើរតួនាទីជាផ្នែកមួយ នៃកេរ្តិ៍ដំណែលនេះសម្រាប់អនាគត។
នាឱកាសនោះដែរ ឯកឧត្តម Pablo Kang (ផាប្លូ កាង) បានសង្កត់ធ្ងន់ថា ទូបង្កករក្សាវ៉ាក់សាំងចំនួន ១៣៣គ្រឿងនេះ គឺជាផ្នែកមួយនៃកញ្ចប់គាំទ្រចំនួន ៣៥,៧លានដុល្លារអូស្រ្តាលី ពីរាជរដ្ឋាភិបាលអូស្រ្តាលី ដែលកំពុងត្រូវបានផ្តល់ក្នុងភាពជាដៃគូជាមួយយូនីសេហ្វ។ កញ្ចប់គាំទ្រនេះ រួមមានវ៉ាក់សាំងប្រភេទ Pfizer-BioNTech ចំនួន២,៣៥លានដូស ដែលត្រូវបានផ្តល់ជូនព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ កន្លងមកនេះ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្រ្តាលី ក៏បានសម្តែងនូវការកោតសរសើរចំពោះរាជ រដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ-១៩ ក៏ដូចជាការការពារសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល និងសូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់មន្រី្តការទូត និងជនជាតិអូស្រ្តាលីទាំងអស់ ដែលរស់នៅលើកទឹកដីកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានគូសបញ្ជាក់ពីទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសអូស្រ្តាលី ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្រី្តសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌របស់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសអូស្រ្តាលី ដែលជាកាយវិការ នៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាន នឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា៕ BTVNews