គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូអញ្ជើញ​ទៅបំពេញទស្សន​កិច្ចការងាររយៈពេល​៣ថ្ងៃ នៅមីយ៉ាន់ម៉ា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២​ |
    ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូអញ្ជើញ​ទៅបំពេញទស្សន​កិច្ចការងាររយៈពេល​៣ថ្ងៃ នៅមីយ៉ាន់ម៉ា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូអញ្ជើញ​ទៅបំពេញទស្សន​កិច្ចការងាររយៈពេល​៣ថ្ងៃ នៅមីយ៉ាន់ម៉ា

    ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នឹង ដឹកនាំគណៈប្រតិភូ​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ារយៈពេល៣ថ្ងៃ ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២។ នេះបើ​យោង​តាម​សេចក្ដី​ប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​។

    ការអញ្ជើញបំពេញទស្សនកិច្ចការងារនេះធ្វើឡើង តបតាម​ការអញ្ជើញ​របស់​ក្រុម​ប្រឹក្សា​រដ្ឋបាលរដ្ឋ​ នៃសាធារណ​រដ្ឋសហភាពមីយ៉ាន់ម៉ា។

    អញ្ជើញអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមមាន ឯកឧត្តមកិត្តិសេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមលឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន លោក លី យ៉ាម មីង នាយកប្រតិបត្តិ នៃ​មជ្ឈមណ្ឌល សម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំង​បុគ្គលិក​របស់​លេខាធិការដ្ឋានអាស៊ាន និង AHA Centre ផងដែរ។

    ដំណើរ​ទស្សនកិច្ចលើកដំបូងនៃប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា មាន គោលបំណងដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឈានទៅដល់ការបញ្ចប់អំពើហិង្សា ក៏ដូច ជាការអត់ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់, ការចែកចាយជំនួយមនុស្សធម៌ ដោយមាន ការគាំទ្រនិងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ, និងលើកទឹកចិត្តឱ្យមានកិច្ចពិគ្រោះ យោបល់/កិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។ ,

    ដំណើរទស្សនកិច្ចនេះ នឹងផ្អែកលើឯកសារមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច របស់អាស៊ាន, លទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២, លទ្ធផលនៃកិច្ចពិភាក្សារវាង សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង និង លទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននាពេលថ្មីៗនេះ៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង