គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជា-ឥណ្ឌា ពិភាក្សា​គ្នា​ឲ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០​ |
    កម្ពុជា-ឥណ្ឌា ពិភាក្សា​គ្នា​ឲ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា កម្ពុជា-ឥណ្ឌា ពិភាក្សា​គ្នា​ឲ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា

    ភ្នំពេញ៖ ឯកឧត្ដម​ ឧបនាយក​រដ្ឋ​មន្ត្រី ​ប្រាក់​ សុខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស ​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​ស្រី ​Manika Jain ឯកអគ្គ​រដ្ឋ​ទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​បានពិភាក្សា​គ្នា​ដោយ​គិត​គូរ​ឲ្យ​មាន​ការ​ហោះ​ហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា​ ដើម្បី​ឲ្យ​ទំហំ​ទេសចរណ៍​រវា​​ង​ប្រទេសទាំង​ពីរ​កាន់​តែ​កើន​ឡើង​ថែម​ទៀត​។ ការ​ពិភាក្សា​គ្នា​នេះ​ បាន​ធ្វើ​ឡើង​នៅពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ២០២០ នៅ​ទីស្តីការ​ក្រសួង​។

    លោក​ កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែង​ប្រាប់​បន្ទាប់​ពីជំនួប​ចប់​ថា ​ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្តែង​នូវ​ការ​សាទរ​ចំពោះ​បេសក​កម្មជោគជ័យ​របស់​លោក​ស្រីឯ​កអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា កក្នុងរយៈពេលជិតបីឆ្នាំនៅកម្ពុជា ដែលបានធ្វើឲ្យទំនាកទំនងរវាងកម្ពុជា និងឥណ្ឌា មានការរីកចំរើនកាន់តែប្រសើរទៅមុខទៀត ហើយលោកឧបនាយករដ្ឋមន្ត្រីក៏បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា និងថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនឥណ្ឌាកន្លងមកដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ និងការគាំទ្រ ហើយនិងជំនួយសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដល់កម្ពុជា។ ក្នុងជំនួយផ្សេងៗ ដែលឥណ្ឌាបានផ្តល់មានដូចជា ជំនួយឥតសំណង កម្ចីសម្បទាន និងការផ្តល់អាហារូបករណ៍ផ្សេងៗ

    ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសម្តែងការចូលរួមរំលែកទុក្ខដល់ជនរងគញរោះដោយសារទឹកជំនន់ ក៏ដូចជាដោយសារជំងឺកូវីដ១៩ ផងដែរ ដល់ជនរងគ្រោះនៅឥណ្ឌា។

    ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រីក៏បានអរគុណដល់ឥណ្ឌាដែលបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ ដែលធ្វើឲ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែកើនឡើង ។ ហើយទំហំពាណិជ្ជកម្មពីឆ្នាំ២០១៨ មានត្រឹមតែ ២០៥លានដុល្លារតែប៉ុណ្ណោះ ដល់ពេលទទួលបានប្រព័ន្ធអនុគ្រោះពន្ធទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើងដល់ជាង ២៥០លានដុល្លារ។ ហើយទេសចរណ៍ឥណ្ឌាមកកម្ពុជានៅឆ្នាំ២០១៩ ឡើងដល់៧ម៉ឺន ៥ពាន់នាក់ ។

    អ្នកនាំពាក្យក្រសួងការបរទេសបានបន្តថា ភាគីទាំងពីរក៏បានគិតគូរឲ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា ដើម្បីឲ្យទំហំទេសចរណ៍រវាងប្រទេសទាំងពីរកាន់តែកើនឡើងថែមទៀត។

    ជាការឆ្លើយតបលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាបានសម្តែងនូវការអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការបរទេស ដែលបានផ្តល់ការគាំទ្រយ៉ាងពេញលេញដល់បេសកកម្មរបស់លោកស្រី ដែលធ្វើឲ្យបេសកកម្មរបស់លោកស្រីមានភាពជោគជ័យ។ ហើយរយៈពេលបីឆ្នាំនេះ បានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំ និងរីកចំរើនលើវិស័យផ្សេងៗ។ ដោយលោកស្រីបានបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា មានទាំងទ្វេភាគី ដែលមានការផ្លាស់ប្តូរទស្សនកចិ្ចថ្នាក់ដឹកនាំកំពូលៗកន្លងមក។ ហើយក៏មានកិច្ចសហប្រតិបត្តិការខាងផ្នែកយោធា ជាពិសេសខាងផ្នែកបណ្តុះបណ្តាលខាងផ្នែកដោះមីន ដែលឥណ្ឌាបានផ្តល់ទាំងសំភារៈនិងបច្ចេកទេសខាងផ្នែកដោះមីននេះ៕ ប្រភព៖ BAYON Radio

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង