មីយ៉ាន់ម៉ា សម្រេចមិនបញ្ជូនតំណាងមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជា នាចុងខែកក្កដានេះទេ
ភ្នំពេញ៖ ប្រទេសមីយ៉ាន់ម៉ា បានសម្រេចមិនបញ្ជូនតំណាង ឲ្យមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើន នៅរាជធានីភ្នំពេញ ដែលចាប់ផ្តើមនៅចុងខែកក្កដានេះទេ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) ។
ឯកឧត្ដម ប្រាក់ សុខុន បានបញ្ជាក់ដូច្នេះថា «ចម្លើយរបស់មីយ៉ាន់ម៉ា នៅតែដូចមុនដដែល។ អ្នកតំណាងមិនមែនកម្រិតនយោបាយ មិនអាចត្រូវបានតែងតាំង ឲ្យមកចូលរួមកិច្ចប្រជុំទាំងនោះបានទេ។ ទោះបីជាយ៉ាងនេះក្តី កៅអីរបស់មីយ៉ាន់ម៉ា នៅអាស៊ាននៅតែរក្សាដដែល»។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ដែរថា ទោះបីជាមីយ៉ាន់ម៉ា បោះបង់សិទ្ធិក្នុងការមកប្រជុំទាំងនេះ ក៏ដោយក៏មិនបាត់កៅអីនៅអាស៊ាននោះដែរ។ ឯកឧត្ដមបានថ្លែងទៀតថា ទោះបីជាយ៉ាងនេះក្តី កម្ពុជាមិនបោះបង់ក្នុងការរកដំណោះស្រាយជូនមីយ៉ាន់ម៉ា និងព្យាយាមត្រួសត្រាយផ្លូវ ដើម្បីនាំប្រទេសនេះមកកាន់អាស៊ានវិញ។
សូមជម្រាបថា ក្នុងនាមជាប្រធានអាស៊ាន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក វ៉ុនណា ម៉ោងល្វីន មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ ការសម្រេច គឺធ្វើឡើងតាមការឯកភាពជាឯកច្ឆន្ទរបស់សមាជិកអាស៊ានទាំង៩ ដែលយល់ឃើញថា មិនទាន់មានការជឿនលឿនគ្រប់គ្រាន់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច របស់អាស៊ាន ដែលឲ្យមីយ៉ាន់ម៉ាអនុវត្តកន្លងមក។ អាស៊ានទាំង ៩ប្រទេស បានឯកភាពគ្នាថា ដរាបណាដែលមិនទាន់មានវឌ្ឍនភាពគ្រប់គ្រាន់នៅមីយ៉ាន់ម៉ា ដរាបនោះការចូលរួមរបស់មីយ៉ាន់ម៉ា គឺស្ថិតត្រឹមតែជាតំណាងមិនមែនរដ្ឋាភិបាល។
សូមបញ្ជាក់ថា នៅថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) រួមមានទាំងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (ASEAN Post Ministerial Conference) កិច្ចប្រជុំអាស៊ានបូក៣ លើកទី២៣ (23rd ASEAN Plus Three) កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១២ (12th East Asia Summit) និងវេទិកាតំបន់អាស៊ាន លើកទី២៩ (29th ASEAN Regional Forum)។
ប្រភព៖ FreshNews