រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ថ្លែងអំណរគុណការកោតសរសើររបស់លោកនាយកWHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច
ភ្នំពេញ៖ ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះការកោតសរសើររបស់លោកវេជ្ជបណ្ឌិត Takeshi Kasai នាយកអង្គារសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចម៉ានីលឡា ហ្វីលីពីន លើការដឹកនាំដ៏ម៉ឺងម៉ាត់ និងជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងព្រឹត្តិការណ៍ ៣វិច្ឆិកា នៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងសារលិខិតឯកឧត្ដម ម៉ម ប៊ុនហេង បានសរសេរថា «ក្នុងនាមក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរចំពោះលោកវេជ្ជបណ្ឌិតនាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោក សម្រាប់ការអបអរសាទរយ៉ាងកក់ក្ដៅចំពោះប្រទេសកម្ពុជា ចំពោះការសម្រេចចិត្ត នៃការគ្រប់គ្រង និងភាពជាអ្នកដឹកនាំគំរូ នៃការអនុវត្តសុខភាពសាធារណៈក្នុងការគ្រប់គ្រង ព្រឹត្តិការណ៍ ៣វិច្ឆិកា»។
ឯកឧត្ដមបានថ្លែងអំណរគុណចំពោះក្រុមការងាររបស់លោកវេជ្ជបណ្ឌិត ដែលបានគាំទ្រដល់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ឯកឧត្ដមសង្ឃឹមជឿជាក់ថា អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិខនឹងផ្ដល់ការគាំទ្របន្ថែមទៀតដើម្បីធ្វើឲ្យប្រសើរឡើងនូវសេវាសុខភាព ដែលជាគុណប្រយោជន៍ដល់ប្រជាជនកម្ពុជា៕