លោកជំទាវ ឱ វណ្ណឌីន៖ វីរុសកូវីដ១៩ ឆ្លងលឿនបំផុតតាមក្រដាសប្រាក់ ហើយវាអាចរស់រហូតដល់ ២៨ថ្ងៃឯណោះ លើក្រដាសប្រាក់
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ឲ្យដឹងថា វីរុសកូវីដ១៩ វាឆ្លងតាមការកាន់ក្រដាសប្រាក់ដែលមានប្រឡាក់ទឹករំអិលផ្លូវដង្ហើមអ្នកមានវីរុសនេះ លឿនជាទីបំផុត ហើយវាក៏អាចរស់នៅលើក្រដាសប្រាក់រហូតដល់ទី២៨ថ្ងៃឯណោះ។
លោកជំទាវ ឱ វណ្ណឌីន បានពន្យល់យ៉ាងដូច្នេះថា «ប្រសិនបើបុគ្គលដែលមានវីរុសកូវីដ-១៩ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហើម ដូចជា សំបោរ ឫស្លេសទឹកមាត់ ឬយកដៃខ្ទប់មាត់ពេលក្អកកណ្តាស់ ហើយមិនបានលាងដៃនឹងសាប៊ូ ឫអាល់កុល ឫទឹកជែលសម្រាប់លាងដៃ ភ្លាមៗ ទេនោះ រួចយកដៃនោះមកកាន់ក្រដាសប្រាក់ គឺវីរុសកូវីដ-១៩ នឹងតោងលើក្រដាស់ប្រាស ហើយក្រដាសប្រាក់នោះ បានហុចបន្តទៅបុគ្គលម្នាក់ទៀត នៅពេលដែលបុគ្គលនោះចាប់កាន់ក្រដាសប្រាក់ វីរុសកូវីដ-១៩ នឹងតោងមកដៃបុគ្គលនោះ ហើយបុគ្គលនោះ យកដៃដែលកាន់ក្រដាសប្រាក់មានវីរុសនេះ មកប៉ះច្រមុះ មាត់ ភ្នែក ជាដើម ដែលធ្វើឲ្យមានការចម្លងបានលឿនជាទីបំផុត ។ បន្ទាប់មក ក៏មានការចម្លងបន្តៗគ្នា ប្រសិនបើមិនបាន លាងដៃ ពាក់ម៉ាស់ និងមានគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ។»
លោកជំទាវ បានបញ្ជាក់ដែរថា វីរុសកូវីដ១៩នេះអាចរស់នៅលើក្រដាសប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗទៀត រហូតដល់ទៅ២៨ថ្ងៃឯណោះ បើប្រៀបទៅនឹងវីរុសផ្ដាសាយធម្មតាមានប្រហែលតែជាង ១៧ថ្ងៃនេះបើតាមការបញ្ជាក់របស់អ្នកសិក្សាវិទ្យាសាស្ត្រ នៃប្រទេសអូស្ត្រាលីដែលបានចុះផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។
លោកជំទាវបន្តថា ដូច្នេះហើយ បានជាការលាងសម្អាតដៃ រាល់ពេលចាប់កាន់វត្ថុដូចជាតេលេកុំម៉ង់ ទូរសព្ទ័អ្នកដទៃ កញ្ចក់ ក្រដាសប្រាក់ ឬក្រដាសស្នាមផ្សេងៗ មានសារៈសំខាន់ មែនទែន ក្រោយកាន់ភ្លាម លាងភ្លែត ឲ្យបានញឹកញាប់ ជាការចាំបាច់បំផុតក្នុងពេលនេះ ដែលវីរុសកូវីដ១៩ កំពុងតែចរាចរ មិនដឹងថានៅទីណា និងដល់ទីណាខ្លះនោះ។ ក្រុមការងារទាំងអស់បានខិតខំទាំងយប់ទាំងថ្ងៃ មិនបានសម្រាក ដើម្បីកាត់ផ្តាច់ខ្សែចម្លងរបស់វា តែអាស្រ័យលើការចូលរួមរបស់បងប្អូនទាំងអស់ លើការអនុវត្តន៍តាមការណែនាំ និងវិធានការសុខាភិបាលដែលបានដាក់ចេញរួចហើយនេះ។
ជាមួយគ្នានេះ លោកជំទាវ ឱ វណ្ណឌីន សង្ឃឹមថា វីដេអូ ៥ឃ្លីបដែលបានចេញផ្សាយកាលព្រឹកមិញនេះ នឹងបានជួយដល់ការចូលរួមរបស់បងប្អូនប្រជាលរដ្ឋ ក្នុងការអនុវត្តន៍វិធានការសុខាភិបាល ដូចបានម្រាបជូនរួចហើយនេះ បានត្រឹមត្រូវ និងបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសបាននូវការចម្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ និងកាត់ផ្តាច់ខ្សែចម្លងបន្តគ្នា នៅក្នុងពេលបច្ចុប្បន្ននេះបានផងដែរ។
សូមជម្រាបជូនថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៤៦នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយចំនួន ៣០៦នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៤០នាក់ និងមិនមានករណីស្លាប់ទេ៕