លោក កឹម សុខា គាំទ្រគម្រោងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះការត្រៀមថវិកាទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩
ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ បានប្រកាសគាំទ្រចំពោះគម្រោងផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ដើម្បីត្រៀមថវិកាទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
លោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុកយ៉ាងដូច្នេះថា « ខ្ញុំសូមចូលរួមគាំទ្រដល់វិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសនៅពេលថ្មីៗនេះ ខ្ញុំសូមគាំទ្រនូវគម្រោងផែនការដែលដាក់ចេញមកដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទាន់ពេលវេលាក្នុងការត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃ។ »
ជាមួយគ្នានេះដែរ លោក កឹម សុខា បានអបអរសាទរ និងកោតសរសើរក្រៃលែង ចំពោះសប្បុរសជនដែលបានចូលរួមជាថវិកាដោយទឹកចិត្តជ្រះថ្លា ជូនទៅរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋខ្មែរ និងសូមលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស មេត្តាចូលរួមជាថវិកាសម្រាប់ទិញវ៉ាក់សាំងនេះ ដោយទឹកចិត្តសប្បុរសធម៌ សាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរ ក្នុងគ្រាមានអាសន្ននៃជំងឺកូវីដ១៩ នេះ។
ទន្ទឹមនឹងនេះ លោក កឹម សុខា ក៏បានអំពាវនាវផងដែរដល់សហគមន៍អន្តរជាតិ ប្រទេសអភិវឌ្ឍន៍មានធនធាន មានមធ្យោបាយ សូមជួយផ្ដល់នូវវ៉ាក់សាំងការពារនឹងកូវីដ១៩នេះ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ តាមលទ្ធភាព ប្រកបដោយមនុស្សធម៌៕