សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន អញ្ជើញដាក់បិណ្ឌទី៤ នៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ នៅវត្តលង្ការ ព្រះសុមារាម ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីកាន់បិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិទាំងអស់ទោះនៅទីជិតឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារចង្ហាន់យកទៅប្រគេនព្រះសង្ឃគង់នៅវត្តអារាម។
ក្នុងពិធីដែលបានធ្វើតាមប្រពៃណីនៃព្រះពុទ្ធសាសនា សម្តេចកិត្តព្រឹទ្ធបណ្ឌិតបានវេប្រគេនព្រះសង្ឃ នូវចង្ហាន់ បច្ច័យ ទេយ្យទាន ដើម្បី ឧទ្ទិស នូវផល្លាអានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មាតាបិតា របស់សម្តេច គឺអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី,មហាឧបាសក លីន គ្រី,មហាឧបាសិកា ឌី ប៉ុក,អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ត្រូវជាមាតាបិតាបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន,វិញាណក្ខន្ធបុត្រច្បងរបស់សម្តេច ដែលបានបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ និងវិញ្ញាណក្ខន្ធញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់បរលោក សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់អស់លោកទាំងនោះ បានទទួលយកមនុញ្ញផល និងងាកក្រោយឱ្យពរជ័យជូនដល់សម្តេចទាំងទ្វេ និងក្រុមគ្រួសារ សូមឱ្យមានសុខភាពមាំមួន និងអាយុយឺនយូរ ព្រមទាំងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឱ្យជួបតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង