សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន
ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ដើម្បីពិភាក្សានិងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន ១. របាយការណ៍សកម្មភាពឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១, ២. របាយការណ៍ចំណូល-ចំណាយ ឆ្នាំ២០២០ និងការព្យាករណ៍ ចំណូលថវិកានៅឆ្នាំ២០២១, ៣. ការស្នើសុំអនុម័តផែនការថវិកាសម្រាប់ចំណាយជាអាទិភាពនៅ ឆ្នាំ២០២១ និងបញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពី សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ដ្រៃយ៍, លោកជំទាវកិត្ដិសង្គហបណ្ឌិត ឃួន សុដារី និងលោកជំទាវ អាន្នី សុខអាន អនុប្រធាន, លោកជំទាវកិត្ដិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក, សមាជិកគណៈកម្មាធិការកណ្តាល និងមន្ដ្រីប្រតិបត្ដិ សរុបចំនួន ២២នាក់។
ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងនូវការកោតសរសើរយ៉ាងក្រៃលែងចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល និងមន្ត្រីកាកបាទក្រហមកម្ពុជាទាំងអស់គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារមនុស្សធម៌ជួយដល់ប្រជាជនងាយរងគ្រោះបំផុតនៅទូទាំងប្រទេសប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសក្នុងការឆ្លើយតបគ្រោះទឹកជំនន់នាពេលកន្លងមក និងចូលរួមប្រយុទ្ធទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនជាតិ អន្តរជាតិទាំងអស់ដែលផ្តល់សេចក្តីទុកចិត្ត និងបរិច្ចាគធនធានជូនដល់កាកបាទក្រហមកម្ពុជា បើទោះបីជា កាកបាទក្រហមកម្ពុជា បានផ្អាកការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ដោយសារតែជំងឺកូវីដ-១៩ក៏ដោយ ហេីយជាពិសេសនោះ គឺព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ហេីយដែលកាកបាទក្រហមកម្ពុជា បានយកទៅចាត់ចែងជួយដល់ប្រជានុរាស្ត្រងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗប្រកបដោយតម្លាភាព និងគណនេយ្យភាព។
ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានផ្តល់អនុសាសន៍ដល់មន្ត្រីប្រតិបត្តិទាំងអស់ ទាំងថ្នាក់កណ្តាល សាខា-អនុសាខា ព្រមទាំងយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ត្រូវបន្តរក្សាសាមគ្គីភាព ពង្រឹងភាពរឹងមាំ ភាពម្ចាស់ការ និងខិតខំបំពេញការងារបន្ថែមទៀត ដើម្បីជួយសម្រាលការលំបាកជូនដល់ប្រជាពលរដ្ឋបានកាន់តែច្រើនថែមទៀត៕