សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ផ្ដល់ផ្ទះឈើ៥ខ្នង ដល់គ្រួសារខ្វះខាត និងស្ត្រីមេម៉ាយ នៅឃុំកកោះ
ផ្ទះឈើចំនួន៥ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រកាសសាងសង់ផ្ដល់ជូនដល់គ្រួសារប្រជាពលរដ្ឋខ្វះខាតនិងស្ត្រីមេម៉ាយ៥គ្រួសារ រស់នៅឃុំកកោះ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។
ផ្ទះឈើទាំង៥ខ្នងនេះ ត្រូវបាន លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រកាសធ្វើការសាងសង់ជូន ដើម្បីឲ្យប្រជាពលរដ្ឋមានផ្ទះរស់នៅសមរម្យ។
ផ្ទះឈើទាំង៥ខ្នងនេះ បានមកពីការចូលរួមរបស់សប្បុរសជន តបតាមការអំពាវនាវ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ផ្ទះទាំងនេះ សាងសង់ពីឈើប្រក់ស័ង្កសី មានបណ្ដោយ៦ម៉ែត្រ ទទឹង៤ម៉ែត្រ ដែលមួយខ្នងៗមានតម្លៃជាង១ពាន់ដុល្លារអាមេរិក។
ក្នុងនាម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកជំទាវ ខៀវ ស៊ីណា បានមានប្រសាសន៍ថា« គ្រប់កាលៈទេសៈ ពិសេសពេលប្រជាពលរដ្ឋជួបការលំបាកខ្វះខាត សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខ និងជួយដោះស្រាយការលំបាកខ្វះខាតរបស់ពួកគាត់ជានិច្ច។
ជាក់ស្ដែងដូចនៅពេលនេះ ជាសក្ខីភាពស្រាប់ ដែលបង្ហាញឲ្យឃើញកាន់តែច្បាស់ថា គ្រប់ពេលវេលា សម្ដេច តែងតែរស់នៅជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋយើងគ្រប់ពេលវេលា។ ដូចនេះបងប្អូន ត្រូវចងចាំថា ដរាបណាមាន សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងគណបក្សប្រជាជនកម្ពុជា នោះរាល់ការលំបាករបស់ប្រជាពលរដ្ឋពិតជាទទួលបានការជួយដោះស្រាយជាក់ជាមិនខាន»។
នៅក្នុងឱកាសនោះដែរ លោកស្រី ខៀវ ស៊ីណា ក៏បានស្នើឲ្យប្រជាពលរដ្ឋយើងយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព គឺរស់នៅឲ្យមានអនាម័យល្អ ពិសេសក្នុងអន្តរកាល នៃការរីករាលដាលជំងឺកូវីដ-១៩ និងឧបត្ថម្ភថវិកាក្នុងមួយគ្រសារៗចំនួន២០ម៉ឺនរៀលផងដែរ៕ ប្រភព៖ កម្ពុជាថ្មី