ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ០៤នាក់ ជាអ្នកដំណើរចូលមកកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ០៤នាក់ ដែលសុទ្ធជាអ្នកដំណើរចូលមកប្រទេសកម្ពុជា និងមិនមានអ្នកជាសះស្បើយទេសម្រាប់ថ្ងៃទី១៧កុម្ភៈ។
សូមជំរាបជូនថា អ្នកដំណើរទាំង ០៤នាក់នោះរួមមាន ជនជាតិឥណ្ឌូនេស៊ី ០២នាក់ ជនជាតិចិន ០១នាក់ និងជនជាតិស្វីស ០១នាក់។ អ្នកទាំង ០៤នាក់ត្រូវបានធ្វើតេស្តលើវត្ថុសំណាកដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល លទ្ធផលគឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យរួចហើយ។ ឯចំណែក អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ នោះត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ។
គិតត្រឹមម៉ោង ៧ និង០០នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ប្រទេសកម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៤៨៣នាក់ ក្នុងអ្នកដែលបានព្យាបាលជាសះស្បើយចំនួន ៤៧០នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ១៣ នាក់ និងមិនមានករណីស្លាប់ទេ៕