លោកជំទាវ ឱ វណ្ណឌីន ៖ បើបងប្អូនមិនយកចិត្តទុកដាក់អនុវត្តវិធានការឲ្យបានហ្មត់ចត់ ជំងឺកូវីដ១៩ នឹងឆក់យកជីវិតបងប្អូនយ៉ាងងាយស្រួល
ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គម Telegram នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស បានសង្កត់ធ្ងន់ថា ប្រសិនបើបងប្អូនមិនយកចិត្តទុកដាក់អនុវត្តវិធានការឲ្យបានហ្មត់ចត់ ជំងឺកូវីដ១៩ នឹងឆក់យកជីវិតបងប្អូនយ៉ាងងាយស្រួល។
លោកជំទាវរដ្ឋលេខាធិការ មានប្រសាសន៍ថា ឥឡូវនេះ វីរុសកូវីដ-១៩ កំពុងតែសកម្ម និងសប្បាយចិត្តក្នុងការងាករកកន្លែងដែលងាយស្រួលវាយលុកបាន នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រើនដូចជាទីផ្សារ កាស៊ីណូ និងរោងចក្រ ដែលសុទ្ធសឹងតែជាកន្លែងដែលមានមនុស្សម្នាច្រើន។ ពេលបុគ្គលបានឆ្លងវីរុសកូវីដ-១៩ នៅតាមទីតាំងទាំងនេះ ហើយមកដល់ផ្ទះ អាចមានការចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួន សូម្បីតែកូនតូចៗមិនថាអាយុតិច ឫច្រើននោះឡើយ។ ដូច្នេះប្រសិនបើបងប្អូនមិនបន្តការយកចិត្តទុកដាក់អនុវត្តហ្មត់ចត់វិធានការ “៣ការពារ និង ៣កុំ និងចាក់វ៉ាក់សាំង+នៅផ្ទះជា បណ្តោះអាសន្ន” នោះទេ អាយុជីវិតបុគ្គលណាម្នាក់ ឫអាចមានច្រើននាក់ នឹងត្រូវឆក់យកដោយសារតែជំងឺកូវីដ-១៩ ដោយងាយស្រួលហើយ។
លោកជំទាវ ឱ វណ្ណឌីន បន្តថា ត្រូវចងចាំថា “ពេលនេះ សុខភាព និងអាយុជីវិតរបស់បុគ្គល និងក្រុមគ្រួសារខ្លួន គឺពឹងផ្អែកលើការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្លួនឯងហើយ បើមិនចង់មានជំងឺកូវីដ-១៩ ទេនោះ គឺត្រូវខិតខំ អត់ធ្មត់ទ្រាំការលំបាកក្នុងរយ:ពេលខ្លី ជាជាងរងនូវការលំបាកក្នុងរយ:ពេលយូរ ដោយអនុវត្តវិធានការដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញ ជាបន្តបន្ទាប់នេះ ជាជាងការធ្វើដំណើរឆ្ពោះទៅរកជ្រោះមរណៈកូវីដ-១៩ ដោយសារតែការធ្វេសប្រហែស ការផ្គើន ឬមិនព្រមអនុវត្តតាមវិធានការដែលបានដាក់ចេញនានានេះ” ។ កាលសង្រ្គាម យើងខ្លាចត្រូវគ្រាប់ផ្លោង នាំគ្នាជ្រកកោនក្នុងត្រង់សេ តែពេលនេះ យើងខ្លាចវីរុសកូវីដ-១៩ ផ្លោងដាក់យើង យើងត្រូវនាំគ្នានៅផ្ទះ ដែលការនៅផ្ទះរបស់យើង វាងាយស្រួលជាងការជ្រកក្នុងត្រង់សេឆ្ងាយណាស់ ហើយសត្រូវអត់ស្រមោលកូវីដ-១៩ ពិតជាមានការលំបាក ក្នុងការស្វែងរកការវាយលុក ហើយរកយើងមិនឃើញទៀតផង។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នារក្សាឱ្យមានសុខភាពល្អ ចៀសផុតពីការវាយលុកជំងឺកូវីដ-១៩ និងសូមឱ្យបានឆ្លងផុតពីគ្រោះឆ្លងវីរុសកូវីដ-១៩ ទាំងអស់គ្នា៕