កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយអស់ហើយ និងមិនមានរកឃើញអ្នកវិជ្ជមានថ្មីឡើយ
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា គិតត្រឹមម៉ោង៧ព្រឹកនេះ បុរសជនជាតិឥណ្ឌូណេស៊ី ម្នាក់ អាយុ១៨ឆ្នាំ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ត្រូវបានព្យាបាលជាសះស្បើយ (ចុងក្រោយគេបង្អស់) ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធរណ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាបផងដែរ ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុតក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមករួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ នៅក្នុងប្រទសេកម្ពុជា។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលកម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ ១០០% (ចំនួនសរុប ២៧៤នាក់) បន្ទាប់ពីបានព្យាបាលបានជាសះស្បើយ ១០០% លើកទី១ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ (អ្នកជំងឺកូវីដ១៩ មានចំនួនសរុប ១២២នាក់ប៉ុណ្ណោះ)៕