គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោកជំទាវ ឱ វណ្ណឌីន៖ ព្រះសង្ឃដែលអាពាធស្ទើរតែទាំងអស់ បានជាសះស្បើយហើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០​ |
    លោកជំទាវ ឱ វណ្ណឌីន៖ ព្រះសង្ឃដែលអាពាធស្ទើរតែទាំងអស់ បានជាសះស្បើយហើយ លោកជំទាវ ឱ វណ្ណឌីន៖ ព្រះសង្ឃដែលអាពាធស្ទើរតែទាំងអស់ បានជាសះស្បើយហើយ

    ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត  ឱ  វណ្ណឌីន  រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ថា ព្រះសង្ឃអាពាធរោគកន្លងមកពេលថ្មីៗនេះចំនួនប្រមាណជាង ១២០អង្គ ដែលឆ្លងជំងឺផ្ដាសាយធំ ត្រូវបានព្យាបាលជាសះស្បើយស្ទើរតែទាំងអស់ហើយ នៅសល់ចំនួនតិចតួចប៉ុណ្ណោះ ដែលនៅបន្តការព្យាបាល តែស្ថានភាពក៏បានធូរស្រាលហើយដែរ។

    លោកជំទាវ ឱ  វណ្ណឌីន  បានលើកឡើងថា ជាទូទៅកត្តាដែលបណ្ដាលឲ្យមានបញ្ហាសុខភាពបែបនេះ  គឺមានកត្តាជាច្រើនដូចជា  ការប្រែប្រួលអាកាសធាតុ  ការវិវត្តបម្រែបំរួលនៃវីរុស  ឬមេរោគផ្សេងៗ នៅក្នុងបរិស្ថានដែលផ្តល់អំណោយផលគួបផ្សំនឹងការបម្រែបម្រួលអាកាសធាតុ  ឬមានការប៉ះពាល់ជាមួយពពួកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ  និងពពួកសត្វបក្សី  ដែលអាចចម្លងវីរុសណាមួយមកបុគ្គល  ឬការបរិភោគពពួកសត្វទាំងនេះដែលចម្អិនមិនបានច្អិន  និងមានកង្វះការអនុវត្តអនាម័យដៃ  និងខ្លួនប្រាណ  ឆ្លងតាមការក្អកកណ្តាស់  ដែលមិនបានខ្ទប់មាត់ និងច្រមុះបានត្រឹមត្រូវ ឬឆ្លងតាមការប៉ះពាល់ទឹកផ្លូវដង្ហើមអ្នកដែលឈឺ  ជាដើម។

    លោកជំទាវ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់  ព្រមទាំងព្រះសង្ឃ  លោកតាអាចារ្យ  លោកយាយជី  និងគណកម្មការវត្តទូទាំងប្រទេសកម្ពុជា  ចូលរួមអនុវត្តន៌វិធានការដូចខាងក្រោម៖

    –  ត្រូវមានអនាម័យខ្លួន ប្រាណ ជាពិសេសអនាម័យដៃឲ្យបានស្អាតជាប់ជានិច្ច  ដោយលាងសម្អាតឲ្យបានញឹកញាប់តាមបច្ចេកទេសណែនាំរបស់ក្រសួងសុខាភិបាល។

    –  ប្រើម៉ាស់ក្នុងករណីចាំបាច់  ជាពិសេសត្រូវពាក់ម៉ាស់ពេលចូលក្នុងទីវត្តអារ៉ាម  ឫកន្លែងដែលមានមនុស្សម្នាច្រើន  ហើយពេលក្អកកណ្តាស់  ត្រូវខ្ទប់មាត់នុងច្រមុះ  ដោយប្រើកន្សែង  ក្រម៉ា  ក្រដាសជូតមាត់  ឫកែងដៃ  ជាដើម។

    –  ត្រូវចេះរក្សាគម្លាតសុវត្ថិភាពបុគ្គល  ពីមួយម៉ែត្រកន្លះឡើងទៅ

    –  ចៀសវាងការប៉ះពាល់ជាមួយសត្វដែលបំបៅកូនដោយទឹកដោះ  និងសត្វបក្សី  ដោយផ្ទាល់ ។  ប្រសិនបើបានប៉ះពាល់  ត្រូវតែលាងដៃជាមួយសាប៊ូ  ឲ្យឆាប់  មុននឹងចាប់កាន់របស់របរ  ឫមុននឹងប៉ះពាល់ផ្ទៃមុខរបស់បុគ្គល។

    –  ត្រូវបរិភោគម្ហូបអាហារឆ្អិនល្អ  រក្សាអនាម័យចំណីអាហារ  និងទុកដាក់ម្ហូបអាហារដាច់ដោយឡែកពីគ្នា  តាមការណែនាំបច្ចេកទេសរបស់ក្រសួងសុខាភិបាលជារឿយៗរួចមកហើយ។

    –  បើមានបញ្ហាសុខភាព  មិនត្រូវចូលរួមពិធី ឫកម្មវិធីណាមួយនោះឡើយ  ដោយត្រូវស្នាក់ក្នុងកុដិ  ឫទីកន្លែងណាមួយដាច់ដោយឡែកពីគេ  កុំឲ្យមានការចម្លងបន្តគ្នា  ហើយស្វែងរកការពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។

    –  រាយការណ៍ទៅលេខ  ១១៥  (មិនមានថវិកា  ក៏អាចហៅចូលបានដែរ)  ឫទៅមន្ទីរសុខាភិបាលខេត្ត  ឫទៅមណ្ឌលសុខភាពដែលនៅជិតលោកអ្នក៕

     

    អត្ថបទទាក់ទង