កាកបាទក្រហមកម្ពុជា ទទួលជំនួយជាស្បៀង និងសម្ភារៈមួយចំនួនទៀត ពីសប្បុរសជន
ភ្នំពេញ៖ នាព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ទទួលជួបសំណេះសំណាល និងទទួលអំណោយជាអាវពេទ្យចំនួន ២០០,០០០សម្រាប់ ម៉ាស់ចំនួន ៦០,០០០បន្ទះ អង្ករ ៦តោន, មី ១២០០កេស, ភេសជ្ជៈ១២០០កេស និងទឹកស៊ីអ៊ីវ ១២០០យួរ ពីលោកស្រី LU JINGYI តំណាងក្រុមហ៊ុន មីងសឹងគ្រុប ឯ.ក។ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន មីង សឹង ហ្គ្រុប ដែលបាននាំយកនូវអំណោយ សប្បុរសធម៌ជូនកាកបាទក្រហមកម្ពុជានាពេលនេះ ដែលអំណោយជាស្បៀង សម្ភារៈទាំងអស់នេះ ក្នុងការរួមចំណែក កាត់បន្ថយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋងាយរងគ្រោះកម្ពុជា ដែលកំពុងរងផលប៉ះពាល់ ដោយការរាតត្បាតនៃជំងឺកូវីដ-១៩។ អាវពេទ្យទាំងនេះ កាកបាទក្រហមកម្ពុជា បានផ្តល់ជូនបន្ត លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដើម្បីបែងចែកទៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាពតាមបណ្តាខេត្ត និងមណ្ឌលចត្តលីស័កនានា និងម៉ាស់ សម្ភារផ្សេងទៀត កាកបាទក្រហមកម្ពុជា បន្តផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្តទាំង២៥ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩”។
លោកស្រី LU JINGYI បានសម្តែងនូវទឹកចិត្តរីករាយ និងថ្លែងអំណរគុណចំពោះ កាកបាទក្រហមកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនមានឱកាសបានចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះបំផុត។ លោកស្រី សង្ឃឹមថា នាពេលអនាគត ក្រុមហ៊ុននឹងបន្តជួយដល់កាកបាទក្រហមកម្ពុជាហើយនឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការស្ថារសដ្ឋកិច្ចឡើងវិញក្រោយបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ-១៩៕