គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    បទអត្ថាធិប្បាយ៖ មាតុភូមិនិវត្តន៍របស់ជនក្បត់ជាតិ មេឧទ្ទាមក្រៅច្បាប់នឹងនាំមកនូវអំពើរដ្ឋប្រហារដោយអំណាចប្រជាជនក្រៅច្បាប់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០​ |
    បទអត្ថាធិប្បាយ៖ មាតុភូមិនិវត្តន៍របស់ជនក្បត់ជាតិ មេឧទ្ទាមក្រៅច្បាប់នឹងនាំមកនូវអំពើរដ្ឋប្រហារដោយអំណាចប្រជាជនក្រៅច្បាប់ បទអត្ថាធិប្បាយ៖ មាតុភូមិនិវត្តន៍របស់ជនក្បត់ជាតិ មេឧទ្ទាមក្រៅច្បាប់នឹងនាំមកនូវអំពើរដ្ឋប្រហារដោយអំណាចប្រជាជនក្រៅច្បាប់

    ជនក្បត់ជាតិ សម រង្ស៊ី បានស្រែកដោយសម្លេងកំហឹងម៉ាត់ៗ ហាក់បីដូចជាមានគំនុំចិញ្ចឹមក្នុងចិត្ត ពីអតីតកាល ដែលបានផ្សាយតាមទំព័រហ្វេសប៊ុករបស់ខ្លួនថ្មីៗនេះថា ខ្លួននឹងត្រូវវិលត្រឡប់ចូលស្រុកវិញឆាប់ៗនេះ ដោយមិនបាច់ប្រាប់ឱ្យដឹងជាមុនថាថ្ងៃណាខ្លួននឹងមកកំចាត់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សម្រែកដដែលៗរបស់ជនក្បត់ជាតិប្រកាសឱ្យអ្នកគាំទ្ររបស់ខ្លួនត្រៀមពីឥឡូវនេះទៅ ដែលវាទំនងគ្រាន់តែជាសម្លេងផ្គរលាន់គ្មានភ្លៀង ហើយដែលមហាជនទូទៅបានមើលឃើញថា វាជារឿងច្រំដែលៗ គ្មានន័យគួរត្រូវយកត្រចៀកស្តាប់នូវសម្រែកឥតន័យរបស់ជនក្បត់ជាតិរូបនេះទេ។ ជននេះនឹងមិនហ៊ានឈានជើងអើតក្បាលចូលស្រុកនោះទេ ខណៈដែលកំពុងមានដីកាត្រូវចាប់ខ្លួនរបស់តុលាការ។

    តើមានអ្នកណាខ្លះហ៊ានប្រថុយសេពគប់ចូលរួមអំពើក្បត់ជាតិ អំពើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយមេឧទ្ទាមក្រៅច្បាប់រូបនេះ? គ្រប់គ្នាបានដឹងច្បាស់ថា រដ្ឋប្រហារជាអំពើក្បត់ជាតិ ជាអំពើភេវរកម្មប្រឆាំងនឹងសន្តិសុខជាតិ ផ្ទុយពីគោលការណ៍រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល។ ប្រជាពលរដ្ឋស្លូតត្រង់ច្រើនណាស់បានចាញ់ឧបាយកលបោកបញ្ឆោតរបស់ជននេះ ហើយខ្លះបានជាប់គុក ខ្លះទៀតរត់ចោលស្រុក ឃ្លាតចាកឆ្ងាយពីប្រពន្ធកូនរបស់ខ្លួន។

    តាមបទពិសោធន៍ក្នុងអតីតកាល មេឧទ្ទាមក្រៅច្បាប់នេះ គឺជាអ្នកនយោបាយអាត្មានិយម គ្មានការទទួលខុសត្រូវនៅគ្រប់សមរភូមិ ហើយតែងតែទទួលបរាជ័យគ្រប់លើក បានបោះបង់កូនចៅ និងអ្នកគាំទ្រចោលឱ្យនៅជាប់គុកដោយសារទង្វើខុសច្បាប់ដែលបានប្រព្រឹត្តដោយជឿនិងដើរតាមជនក្បត់ជាតិរូបនេះ ព្រោះមេឧទ្ទាមរូបនេះតែងតែរត់ចោលស្រុក រត់ចោលកូនចៅ និងអ្នកគាំទ្ររបស់ខ្លួន មិនដែលបាននៅតតាំងតាមផ្លូវច្បាប់ដើម្បីការពារខ្លួនឡើយ។ តើនរណាអាចស្នើសុំទៅព្រះមហាក្សត្រលើកលែងទោសឱ្យបុគ្គលរូបនេះម្តងទៀត ខណៈដែលបុគ្គលនេះ តែងតែប្រព្រឹត្តកំហុសដដែលៗញុះញង់ និងបំផុសកំហឹងមហាជនបង្កើតចលាចលក្នុងប្រទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក្រៅផ្លូវប្រជាធិបតេយ្យ។

    ការដែលជនក្បត់ជាតិនេះប្រកាសជាចំហរថា ខ្លួននឹងវិលត្រឡប់ចូលស្រុកវិញ វាជារឿងគួរឱ្យអស់សំណើចខ្លាំងណាស់ ព្រោះជននេះមិនដែលបានធ្វើអ្វីជាដុំកំភួនឱ្យមានការកក់ក្តៅចំពោះអ្នកគាំទ្ររបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ ជនក្បត់ជាតិនេះបានយកអណ្តាតដ៏ស្ទាត់ជំនាញរបស់ខ្លួន បង្កើតឱ្យមានសាច់រឿងប្លែកៗឱ្យអ្នកគាំទ្ររបស់ខ្លួនមានអារម្មណ៍ពុះកញ្រ្ជោលក្នុងកំហឹង ការឆ្កិះឆ្កៀល ការញុះញង់ ការបំផុសបំផុលឱ្យមានការងើបប្រឆាំងនឹងរដ្ឋអំណាចស្របច្បាប់។ ម្យ៉ាងវិញទៀត តើមានអ្នកគាំទ្រប៉ុន្មាននាក់នឹងប្រាកដចេញមកហែរហមជនក្បត់ជាតិនេះ? កន្លងមក មានសកម្មជន និងអ្នកគាំទ្រខ្លួនខ្លះត្រូវបានរដ្ឋអំណាចចាប់ខ្លួនពីបទរួមគំនិតក្បត់ ដោយសារតែផែនការវិលត្រឡប់ចូលស្រុករបស់ជនក្បត់ជាតិរូបនេះ ម្តងរួចមកហើយ។

    ឥឡូវ ពិភពលោកទាំងមូល កំពុងជាប់ដៃទប់ស្កាត់ប្រឆាំងនឹងមេរោគរាតត្បាតសាកលកូវីដ-១៩ គ្មានប្រទេសណាមួយទំនេររវល់យកចិត្តទុកដាក់លើជោគវាសនាឥតប្រយោជន៍របស់ជនក្បត់ជាតិមុខដដែលៗនេះទៀតទេ ហើយក៏គ្មានបរទេសណាហ៊ានលូកដៃចូលរួមគាំទ្រអំពើរដ្ឋប្រហាររបស់ជនក្បត់ជាតិនេះដែរ។ សម្រាប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិយល់ច្បាស់ថា សន្តិភាព និងអធិបតេយ្យជាតិកម្ពុជា គឺជាមាសសុទ្ធ ដែលត្រូវតែការពារឱ្យខាងតែបាន។ ពីព្រោះរយៈពេល៤១ឆ្នាំកន្លងមកនេះ ទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានធ្វើពលិកម្មដ៏ថ្លៃថ្លាបំផុតដើម្បីសម្រេចបាននូវគោលបំណងកែប្រែមាតុភូមិកម្ពុជាពីគំនរផេះផង់ឱ្យឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយមោទនភាព ទាំងក្នុងបុព្វហេតុការពារជាតិ ការពារការរស់ឡើងវិញរបស់ប្រជាជន ទាំងបុព្វហេតុសន្តិភាព និងបង្រួបបង្រួមជាតិ និងទាំងបុព្វហេតុស្តារ ការកសាង និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។ ជាពិសេស កម្ពុជា បាននិងកំពុងតែបន្តបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស ការរីកចម្រើនស្ទើរគ្រប់វិស័យ ជាមួយនឹងភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយជាលំដាប់។

    ដូច្នេះ ការប្រកាសវិលត្រឡប់មកវិញរបស់ជនក្បត់ជាតិនាពេលនេះ មិនមែនក្នុងបុព្វហតុដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការបោះឆ្នោតនោះទេ។ អ្វីដែលច្បាស់បំផុតសម្រាប់ជនក្បត់ជាតិនេះ គឺការប្រើប្រាស់អំណាចប្រជាជនក្រៅច្បាប់ដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នៅចំពោះមុខផែនការខុសច្បាប់នេះ រដ្ឋអំណាចអនុវត្តច្បាប់នឹងមិននៅឈរមើលសកម្មភាពផ្តួលរំលំរដ្ឋាភិបាលបានឡើយ ហើយត្រូវតែបានចាត់វិធានការជាមុនយ៉ាងតឹងរឹងបំផុត ពីព្រោះអំពើរដ្ឋប្រហារប្រឆាំងនឹងឆន្ទៈប្រជាពលរដ្ឋ គឺជាអំពើផ្ទុយនឹងរដ្ឋធម្មនុញ្ញទាំងស្រុង។ ប្រសិនបើ ជនក្បត់ជាតិនេះហ៊ានប្រថុយវិលចូលស្រុកមែននោះ លុះត្រាណាតែជនក្បត់ជាតិរូបនេះ ហ៊ានចូលគុកអនុវត្តទោសជាមុនសិន និងមួយទៀត ត្រូវទទួលបានការលើកលែងទោសពីព្រះមហាក្សត្រជាមុនសិន ក៏ប៉ុន្តែករណីចុងក្រោយនេះ វាទំនងមិនអាចទៅរួចបានទៀតទេ គឺវានឹងត្រូវជំនួសដោយខ្នោះ និងគុកតែប៉ុណ្ណោះ។ ពីព្រោះ ជនក្បត់ជាតិរូបនេះ បានកាត់ផ្តាច់ស្ពានភ្ជាប់និស្ស័យទាំងអស់របស់ខ្លួនរាប់ទាំងការកំទេចចោលនូវវប្បធម៌សន្ទនា ហើយបែរមកប្រកាសអះអាងថា ខ្លួននឹងវិលចូលមកទំលាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញពីអំណាច ហើយរហូតថ្លើមធំហ៊ានដល់ប្រមាថអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់ព្រះរាជាណាចក្រកម្ពុជាថែមទៀតផង។ ភាពព្រហើនកោងកាចគ្មានការគោរពចំពោះព្រះរាជបល្ល័ង្គគឺជាទង្វើរដែលប្រជាជាតិខ្មែរទាំងមូលមិនអាចអត់ឱនឱ្យបានឡើយ។

    ជារួម រដ្ឋប្រហារជាអំពើក្បត់ជាតិ ក្បត់ឆន្ទៈរបស់ប្រជាជនភាគច្រើន ដែលសម្រាប់សង្គមប្រជាធិបតេយ្យ មតិភាគច្រើនជាអ្នកដឹកនាំ។ ហើយអ្នកទាំងឡាយចូលរួមក្នុងផែនការរដ្ឋប្រហារ គឺជាជនសមគំនិតបទឧក្រិដ្ឋដែលប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ប្រឆាំងនឹងច្បាប់ព្រហ្មទណ្ឌ បង្ករអសន្តិសុខរបស់ប្រទេស ដែលច្បាស់ជាត្រូវផ្តន្ទាទោសដូចគ្នា។ ដូច្នេះក្នុងសង្គមប្រជាធិបតេយ្យ មតិភាគច្រើន នឹងមិនអាចទទួលយកការផ្លាស់ប្តូរអំណាចណាមួយដែលប្រព្រឹត្តផ្ទុយពីឆន្ទៈរបស់ប្រជាជនអ្នកបោះឆ្នោតជាដាច់ខាត៕

    ដោយ៖ ឡុង បូរិតា

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង