បទវិភាគនយោបាយ៖ តើវាសនារបស់លោក សុន ឆ័យ នឹងបញ្ចប់ដូចមេរបស់លោក ឬយ៉ាងណា?
ការបោះឆ្នោតក្រុមជ្រើសរើសប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ មិនទាន់បានបញ្ចប់ទៅបានប៉ុន្មានផងអនុប្រធានបក្សភ្លើងទាន លោក សុន ឆ័យ កំពុងជាប់បណ្ដឹងចំនួនពីរ ពោលបណ្ដឹងពីគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យរបស់លោកក្នុងនាមជាអ្នកនយោបាយ និងជាមនុស្សរបស់មហាជនដែលអាចបណ្ដាលឱ្យមានការប៉ះពាល់ដល់កិត្តយសជាតិទាំងមូល។ ជាក់ស្ដែងលោក សុន ឆ័យ បានលើកឡើងដដែលៗតាមរយៈកិច្ចសម្ភាសន៍ជាមួយ Cambodia Daily កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នេះថា «ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់មិនមានភាពត្រឹមត្រូវ និងមិនយុត្តិធម៌» ព្រមទាំងចោទថា គ.ជ.ប បានលួចសន្លឹកឆ្នោតដែលធ្វើឱ្យប៉ះពាល់ដល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័ននេះ។ ផ្ទុយទៅវិញលោកបានលើកឡើងទៀតថា គណបក្សភ្លើងទានរបស់លោកទទួលយកអាសនៈដែលទទួលបានព្រោះវាបានបង្ហាញពីឆន្ទៈរបស់រាស្រ្ត។ តើការបដិសេដរបស់លោកដោយចោទថាការបោះឆ្នោតមិនត្រឹមត្រូវនេះ គឺជាឆន្ទៈផ្ទាល់ខ្លួនរបស់លោកដោយមិនបានគោរពដល់សិទ្ធិម្ចាស់ឆ្នោតដែលជាប្រជាជននៃកម្ពុជាទេឬ?
លោកសុន ឆ័យ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Cambodia Daily
ជាការឆ្លើយតបនឹងទង្វើមិនសមរម្យរបស់លោកសុន ឆ័យ គណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យប្ដឹង កាលពីថ្ងៃទី១៤ ខែមិថុនា តាមរយៈលោកមេធាវី គី តិច តំណាងឲ្យគណបក្សប្រជាជនកម្ពុជា បានប្តឹង លោក សុន ឆ័យ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយទាមទារឱ្យតុលាការផ្ដន្ទាទោសតាមបញ្ញត្តិច្បាប់និងទាមទារឱ្យលោក សុន ឆ័យ បង់ប្រាក់សំណងជំងឺចិត្តចំនួន ១ លានដុល្លា ឬស្មើ ៤ពាន់លានរៀល។ ស្របពេលជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៧ ខែមិថុនា គ.ជ.ប បានដាក់ពាក្យបណ្ដឹងមួយដាច់ដោយឡែកដោយអះអាងថា ការលើកឡើងរបស់លោកសុន ឆ័យបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័ន គ.ជ.ប ពាក់ព័ន្ធទៅនឹង ការបំពេញភារកិច្ចការងារ ដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។
ស្របពេលដែលកំពុងមានពាក្យបណ្ដឹងពីរជាប់ខ្លួនបែបនេះលោកសុន ឆ័យបានអះអាងតាមវិទ្យុអាស៊ីសេរីថាកាលពីថ្ងៃទី២២ ខែមិថុនាថាលោកមិនគេចវេសនៅក្រៅប្រទេសនោះឡើយ ដោយលោកបានលើកឡើងថា «ខ្ញុំសូមជំរាប ខ្ញុំបានសម្រេច និងទិញសំបុត្រយន្តហោះរួចហើយ ខ្ញុំនឹងត្រលប់ទៅកម្ពុជាវិញ នៅសល់៩ថ្ងៃទៀត គឺនៅថ្ងៃទី១ ខែកក្កដា»។
គួររំលឹកដែរថា រឿងប្រហាក់ប្រហែលគ្នានេះបានកើតមានឡើងរួចមកហើយជាក់ស្ដែង គឺលោក សម រង្សី ដែលជាអតីតប្រធានគណៈបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយចោលដោយតុលាការកំពូល និងអតីតមេរបស់លោកសុន ឆ័យនេះផ្ទាល់តែម្ដង។ កំឡុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ លោកសម រង្សីដែលតែងតែប្រកាសក្ដែងៗថាខ្លួននឹងត្រលប់មកប្រទេសកម្ពុជាដោយមិនខ្លាចរអានឹងការដាក់ទោសនោះឡើយ។ ជាលទ្ធផលវាបានត្រឹមតែជាការខកចិត្តសម្រាប់អ្នកគាំទ្ររបស់លោកម្ដងហើយម្ដងទៀត ដោយការសន្យារបស់លោកបានបញ្ចប់ត្រឹមតែជាសន្យាខ្យល់តែប៉ុណ្ណោះ។ តើអាចទេដែលមេ និងកូនចៅប្រើប្រាស់ឥរិយាបថតែមួយ?
លោក សុន ឆ័យ និងលោក សម រង្សី
តើលោកសុន ឆ័យ នឹងវិលត្រលប់មកក្នុងស្រុកវិញដោយហ៊ានប្រឈមមុខចំពោះមុខច្បាប់ឬយ៉ាងណា?
យើងមិនមានលទ្ធភាពអាចព្យាករណ៍ដឹងមុននោះឡើយចំពោះរឿងរ៉ាវនៅក្នុងឆាកនយោបាយប៉ុន្តែយើងអាចទាញចេញជាសេណារីយ៉ូចំនួនពីរដូចខាងក្រោមនេះ។
សេណារីយ៉ូទី ១ លោកសុន ឆ័យធ្វើសេចក្ដីថ្លែងការណ៍ក្លែងក្លាយ
វាមិនមែនជារឿងដែលថ្មីនោះទេសម្រាប់អ្នកនយោបាយក្រុមនេះដែលបានត្រឹមតែនិយាយ ដោយគ្មានសកម្មភាព។ ការលើកឡើងបែបនេះ គឺដើម្បីឱ្យអ្នកគាំទ្ររបស់ខ្លួនស្ងប់ចិត្តមួយពេល រួចនឹងរកឧបាយកលផ្សេងទៀតដែលជាលេសដោះសារគេចវេះចំពោះបញ្ហាមួយនេះដូចទៅនឹងអតីតមេរបស់ខ្លួន។
សរណារីយ៉ូទី ២ លោកនឹងត្រលប់មកវិញដោយមានលក្ខ័ណ្ឌច្បាស់លាស់ណាមួយ
ដូចដែលបានលើកឡើងខាងលើ យើងមិនអាចដឹងនោះទេថានឹងមានអ្វីកើតឡើង ខ្លួនលោកផ្ទាល់អាចនឹងដឹងកំហុសរបស់ខ្លួនរួចសុំចរចាដោយមានការសន្យាណាមួយដើម្បីឱ្យម្ចាស់បណ្ដឹង ដកពាក្យបណ្ដឹងវិញក៏ថាបាន។ ដូចសព្វដង គណបក្សប្រជាជនតែងព្យាយាមសម្រុះសម្រួល និងផ្សះផ្សាជាតិ ប៉ុន្តែតែងតែមានជនមួយចំនួនមិនចូលរួម ថែមទាំងបំផ្លាញជាតិឯងទៅវិញ។ ដូច្នេះសេណារីយ៉ូនេះអាចនឹងកើតឡើងប៉ុន្តែមានភាគរយតិចមែនទែន បើប្រៀបធៀបនឹងសេណារីយ៉ូទី១។
ជារួមទៅ យើងសង្ឃឹមថាលោកមានភាពក្លាហាន ហ៊ានប្រឈមមុខនឹងការពិតមិនដូចទៅអតីតមេរបស់ខ្លួននោះឡើយ ដោយហ៊ានទទួលកំហុសរបស់ដើម្បីជាគំរូល្អដល់យុវជនខ្មែរជំនាន់ក្រោយឱ្យហ៊ានទទួលនូវអ្វីដែលជាទង្វើរបស់ខ្លួនទាំងខុស និងត្រូវ។ ខណៈពេលនេះដែរ វាមិនមែនជារឿងសំខាន់នោះឡើយថាលោកនឹងវិលត្រលប់មកវិញឬយ៉ាងណានោះទេ ប៉ុន្តែលោក សុន ឆ័យ ក្នុងនាមជាអ្នកនយោបាយ និងជាមនុស្សរបស់មហាជន រូបលោកគួរណាតែប្រើប្រាស់ពាក្យពេចន៍ឱ្យបានសមរម្យ និងមានភាពប្រសើរជាងនេះដែលមិនមានការប៉ះពាល់ធ្ងន់ធ្ងរដល់ភាគីណាមួយនោះឡើយ។ ការធ្វើនយោបាយគប្បីធ្វើដោយភាពស្មោះត្រង់ គោរពសិទ្ធិអ្នកដទៃ និងគិតដល់ប្រយោជន៍ជាតិជាធំ មិនមែនយកវាធ្វើជាឈ្នាន់ដើម្បីប្រយោជន៍ខ្លួននោះឡើយ។