ឯកឧត្ដម ហ៊ុន ម៉ាណែត ចំអកទៅទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ថាធ្វើនយោបាយគ្មានចក្ខុវិស័យ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានចំអកទៅទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ថាធ្វើនយោបាយបែបស៊ីអារម្មណ៍ ម្ដងទៅលិចម្ដងទៅកើត និងគ្មានចក្ខុវិស័យច្បាស់លាស់។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៤ ខែកញ្ញានេះ ឯកឧត្ដម ហ៊ុន ម៉ាណែត បានផ្ដាំដោយមិនចេញឈ្មោះ ប៉ុន្តែទំនងជាផ្ញើទៅឱ្យទណ្ឌិត សម រង្ស៊ី ដែលឯកឧត្ដមនៅតែហៅថាលោកអ៊ុំឲ្យមើលពីកិច្ចការរបស់គណបក្សដែលខ្លួនគាំទ្រជាជាងមើលលើកិច្ចការរបស់គណបក្សដទៃ។ ឯកឧត្ដម ចំអកថា ដោយសារការធ្វើនយោបាយ គ្មានចក្ខុវិស័យ និងគ្មានគោលដៅច្បាស់លាស់ ម្តងទៅលិចម្តងទៅកើតតាមតែអារម្មណ៍របស់ខ្លួន ដូច្នេះហើយបានជាគណបក្សរបស់ខ្លួនកាន់តែថយទៅៗនោះ។
ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ មនុស្សយើងបើមិនចេះចងចាំអំពីអតីតកាលរបស់ខ្លួន ចេះវាយតម្លៃបច្ចុប្បន្នកាលរបស់ខ្លួន ដើម្បីជាមូលដ្ឋានទៅមុខទៀត គេហៅថាជាមនុស្សដែលគ្មានចក្ខុវិស័យ គ្មានមូលដ្ឋាន ទិសដៅច្បាស់លាស់។ បើមិនចេះវិភាគថាមកពីណា មកដល់ណា ហើយត្រូវទៅណា គ្រប់ពេលនោះទេមកដល់ពេលនេះ គឺម្ដងទៅលិច ម្ដងទៅកើត តាមអារម្មណ៍គ្មានចក្ខុវិស័យ។ អញ្ចឹងហើយបានជាលោកអ៊ំម្ដងវ៉ៃខ្ញុំរឿងនេះ ម្ដងវ៉ៃប្អូនខ្ញុំ ម្ដងវ៉ៃឪពុកខ្ញុំ ព្រោះគ្មានចក្ខុវិស័យក្នុងការដឹកនាំបក្សបានកាន់តែថយទៅៗ។ “
ឯកឧត្ដម ហ៊ុន ម៉ាណែត បានលើកឡើងថា កន្លងមកឯកឧត្ដមគ្មានពេលឆ្លើយតបជាមួយលោកអ៊ុំ (សម រង្ស៊ី) ច្រើនទេ ដោយសារពេលវេលារបស់ឯកឧត្ដម គឺត្រូវចំណាយទៅលើការងារដែលមានប្រយោជន៍សម្រាប់ជាតិ និងប្រជាជនជាងការស្តាប់សម្តីអត់មានហេតុផលរបស់លោកអ៊ុំ។ ឯកឧត្ដមបានបន្ថែមទៀតថា ឯកឧត្ដមមិនចង់ធ្វើការវាយប្រហារដល់នណាម្នាក់នោះទេ ប៉ុន្តែឯកឧត្ដមក៏មានសិទ្ធិឆ្លើយតប និងបញ្ជាក់ហេតុផលទៅវិញចំពោះអ្នកដែលបានវាយប្រហារដល់ឯកឧត្ដម ដើម្បីឲ្យជនរួមជាតិធ្វើការវិនិឆ័យ ខណៈទណ្ឌិត សម រង្ស៊ី ធ្វើការចោទប្រកាន់ម្តងហើយម្តងទៀតថា កាលដែលគណបក្សប្រជាជនកម្ពុជាបានជ្រើសរើសយករូបលោកជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត៕