ក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៣០កញ្ញា ដល់ថ្ងៃទី៦តុលា
បន្ទាប់ពីបានតាមដានការប្រែប្រួសជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ប្រព័ន្ធសម្ពាធទាប នឹងបន្តអូសបន្លាយឆ្លងកាត់លើប្រទេសកម្ពុចា ដោយភ្ជាប់ជាមួយសម្ពាធទាបមួយលើសមុទ្រចិនខាងត្បូង។
ក្នុងសេចក្ដីប្រកាសដែរនេះបានឲ្យដឹងទៀតថា ស្ថានភាពបែបនេះបានធ្វើឲ្យ៖
១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាព (អប្បបរមាពី ២៣-២៥oC, អតិបរមមាពី ២៨-៣០ oC) នៅថ្ងៃទី៣០ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិត ពីតិចទៅមធ្យម បន្ទាប់ពីនោះ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ ក្នុងកម្រិតពីបង្គួរទៅច្រើន ជាពិសេសបណ្ដាខេត្តនៅភាគពាយ័ព្យ។
២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាព (អប្បបរមាពី ២៣-២៥oC, អតិបរមមាពី ២៧-២៩ oC) នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។
៣. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព (អប្បបរមាពី ២៤-២៦oC, អតិបរមមាពី ២៨-៣០ oC) ចាប់ពីថ្ងៃទី៣០ខែកញ្ញា ដល់ថ្ងៃទី២ខែតុលា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅមធ្យម។ បន្ទាប់មកភ្លៀងនឹងបន្តបង្កើនការធ្លាក់ក្នុងកម្រិតពីបង្គរទៅច្រើន។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវផងដែរចំពោះប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ពិសេសប្រជាពលរដ្ឋរស់នៅទីនាបក្បែរផ្លូវទឹក ជាប់តំបន់ភ្នំនៃបណ្ដាខេត្តភាគពាយ័ព្យជាប់ប្រទេសថៃ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ និងបណ្ដាខេត្តជាប់ជួរភ្នំក្រវាញជាមួយគ្នានេះអ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់ បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី៣ដល់៦ខែតុលា៕