សេចក្ដីជូនដំណឹងស្ដីពីការប្រើប្រួលអាកាសធាតុនៅកម្ពុជា ដែលអាចកើតមាននៅថ្ងៃទី១៦ ដល់២២ កញ្ញា
បន្ទាប់ពីបានតាមដានការប្រែប្រួសជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបង្កើនល្បឿនបក់លើប្រទេសកម្ពុជា។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក និងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះដែលឆ្លងកាត់ប្រទេសហ្វីលីពីន។ នៅថ្ងៃទី១៦កញ្ញា ព្យុះនេះនឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំប្រទល់ភាគខាងជើង។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី១៥កញ្ញានេះ។
ក្នុងសេចក្ដីប្រកាសដែរនេះបានឲ្យដឹងទៀតថា ស្ថានភាពបែបនេះបានធ្វើឲ្យ៖
១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាព (អប្បបរមាពី ២៤-២៦oC, អតិបរមមាពី ៣០-៣៣ oC) នៅថ្ងៃទី១៦ដល់១៨ ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណពីតិចទៅបង្គួរ បន្ទាប់ពីនោះ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។
២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាព (អប្បបរមាពី ២៤-២៦oC, អតិបរមមាពី ២៨-៣០ oC) នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។
៣. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព (អប្បបរមាពី ២៥-២៧oC, អតិបរមមាពី ២៨-៣០ oC) នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវផងដែរចំពោះប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិដែលអាចកើតមាន ដូចជា៖ តំបន់ជាប់ផ្លូវទឹក និងជួរភ្នំ ដែលអាចមានជំនន់ទឹកភ្លៀង ,អ្នកដំណើរ នេសាទសមុទ្រប្រុងប្រយ័ត្នចំពោះរលកសមុទ្រដែលអាចមានកម្ពស់ខ្ពស់ពិសេសចាប់ពីថ្ងៃទី១៨ ដល់២១ ខែកញ្ញា៕