ក្រសួងធនធានទឹក អំពាវនាវឲ្យពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតអាកាសធាតុ ដូចជា ផ្គរ រន្ទះ ខណៈភ្លៀងបន្តធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតអាកាសធាតុ ដែលអាចកើតឡើង ដូចជា ផ្គរ រន្ទះ និងរលកសមុទ្រ ខណៈដែលភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមឲ្យដឹងនៅថ្ងៃនេះ។
ក្រសួងធនធានទឹក បានឲ្យដឹងដែរថា បន្ទាប់ពីការតាមដានជាប់ សង្គេតឃើញថា ស្ថានភាពអាកាសធាតុមានការប្រែប្រួលរហ័ស ដោយប្រព័ន្ធសម្ពាធទាប រំកិលអូសបន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងភាគកណ្ដាលប្រទេសវៀតណាម ហើយនៅថ្ងៃបន្តបន្ទាប់នេះ ប្រព័ន្ធសម្ពាធទាននេះនឹងរំកិលចុះមកក្រោមឆ្លងកាត់លើភាគខាងជើងព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបន្តថា លក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ដល់២៧ ខែកញ្ញា ឆ្នាំ២០២០ មានស្ថានភាពដូចខាងក្រោម៖
ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ និងកើនឡើងជាលំដាប់ ស្ទើរក្របខណ្ឌទូទាំងប្រទេស ជាពិសេសតំបន់ភាគពាយ័ព្យជាប់ប្រទេសថៃ និងខេត្តជាប់មាត់សមុទ្រ ដែលលើផ្ទៃសមុទ្រអាចមានភ្លៀងខ្យល់បក់ខ្លាំង ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ។
អាស្រ័យដូចនេះ ក្រសួងធានធានទឹក និងឧតុនិយមសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ និងអ្នកនេសាទ អ្នកដំណើរសមុទ្របន្តយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់នានា ដែលអាចកើតឡើងដោយបាតុភូតអាកាសធាតុនេះ៕