កម្ពុជា-បង់ក្លាដេស ចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន(A.K. Abdul Momen) រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដែស។ ក្រោយកិច្ចប្រជុំនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-បង់ក្លាដេស។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសបង់ក្លាដេសបានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីល្ងាចថ្ងៃទី១៤កក្កដាម្សិលមិញ ដើម្បីចាប់ផ្ដើមទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតមតាមការអញ្ជើញរបស់ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។
ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅព្រឹកមិញនេះដែរ ឯកឧត្តម អេ ខេ អាប់ឌុល ម៉ូមិន បានចូលជួបសម្ដែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាវិមានសន្តិភាព។
នៅក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញឯកឧត្ដមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន នឹងអញ្ជើញធ្វើបាឋកថា ក្នុងសិក្ខាសាលាដែលរៀបចំដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៕