ក្រសួងអប់រំ ប្រកាសលើកពេលប្រឡងបាក់ឌុបទៅធ្វើនៅខែធ្នូវិញ ដោយសារ…
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២១-២០២២ ដែលគ្រោងរៀបចំនៅថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២២ ទៅធ្វើនៅថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ វិញ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។
ក្រសួងអប់រំ បានបញ្ជាក់ថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជានឹងមានព្រឹត្តិការណ៍ជាតិ និងព្រឹត្តិការណ៍តំបន់ដូចជា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ, ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ និងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣។
ដើម្បីបញ្ចៀសការរំខាននានាដល់កិច្ចប្រជុំ ព្រឹត្តិការណ៍កីឡាជាតិ និងពិធីបុណ្យជាតិខាងលើ និងដើម្បីឲ្យបេក្ខជនមានពេលវេលាគ្រប់គ្រាន់ ក្នុងការរៀនសូត្រត្រៀម ដូច្នេះហើយក្រសួងសម្រេចពន្យារពេលនៃការប្រឡង ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២១-២០២២ ដែលគ្រោងរៀបចំនៅថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២២ ទៅធ្វើនៅថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ វិញ៕