គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គ.ជ.ប គ្រោងលុបឈ្មោះអ្នកបោះឆ្នោតជាង១០ម៉ឺននាក់ ខណៈអ្នកចុះឈ្មោះថ្មីត្រូវបានប៉ាន់ប្រមាណជាង ៤០ម៉ឺននាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២​ |
    គ.ជ.ប គ្រោងលុបឈ្មោះអ្នកបោះឆ្នោតជាង១០ម៉ឺននាក់ ខណៈអ្នកចុះឈ្មោះថ្មីត្រូវបានប៉ាន់ប្រមាណជាង ៤០ម៉ឺននាក់ គ.ជ.ប គ្រោងលុបឈ្មោះអ្នកបោះឆ្នោតជាង១០ម៉ឺននាក់ ខណៈអ្នកចុះឈ្មោះថ្មីត្រូវបានប៉ាន់ប្រមាណជាង ៤០ម៉ឺននាក់

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប គ្រោងលុប​ឈ្មោះ​អ្នក​បោះឆ្នោត​ចេញ​ពីបញ្ជីជាង ១០ម៉ឺននាក់ ក្នុងពេលធ្វើបច្ចុប្បន្នភាពទៅលើបញ្ជីបោះឆ្នោត និង​ការ​ចុះ​ឈ្មោះបោឆ្នោតឆ្នាំ២០២២ ចាប់ពីថ្ងៃទី២០ ខែតុលាខាងមុខនេះ ខណៈចំនួនអ្នកចុះឈ្មោះថ្មី ត្រូវ​បាន​ប៉ាន់ប្រមាណជាង​ ៤០ម៉ឺននាក់។

    ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប បានឱ្យដឹងថា ការចុះឈ្មោះថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទើប​គ្រប់​អាយុ​១៨ឆ្នាំ មានជាង១៨ម៉ឺននាក់ និង អ្នកផ្លាស់លំនៅ ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់​ថ្មី​ជាង​៧​ម៉ឺន​៨​ពាន់​នាក់។ ឯកឧត្តម មានប្រសាសន៍ថា «ការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូឆ្នាំ២០២២។ ការចុះឈ្មោះបោះឆ្នោត មានគោលដៅ ដើម្បី​ធានា​សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ដែលបានបំពេញ លក្ខខណ្ឌគ្រប់គ្រាន់តាមច្បាប់ តាម​រយៈ​ការ​កសាងឱ្យបាននូវបញ្ជីបោះឆ្នោត ដែលមានភាពពេញលេញ ត្រឹមត្រូវ មានបច្ចុប្បន្នភាព និង​ប្រកប​ដោយសុវត្ថិភាព។ ជាមួយគ្នានេះ បញ្ជីបោះឆ្នោតឆ្នាំ២០២២ នឹងត្រូវ ប្រើប្រាស់​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងត្រូវធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣​ខាង​មុខ»។

    សូមបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ នៅ​តាម​ឃុំ-សង្កាត់ ទូទាំងប្រទេស គឺសំដៅលើប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ១៨ឆ្នាំ និង​មិន​ទាន់​បាន​ចុះ​ឈ្មោះបោះឆ្នោត ពីមុនមក ព្រមទាំងអ្នកដែលបានផ្លាស់លំនៅ ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់​ថ្មី ហើយចង់ចុះឈ្មោះ បោះឆ្នោតថ្មី នៅកន្លែងបច្ចុប្បន្នដែលខ្លួនកំពុងរស់នៅ។ ក្នុង​ពេល​ធ្វើ​បច្ចុប្បន្ន​ភាពនេះ ក៏មានការអនុញ្ញាត ឱ្យមានការសុំកែតម្រូវឈ្មោះ ឬទិន្នន័យរបស់អ្នកបោះឆ្នោត ដោយ​ផ្អែក​លើឯកសារសំអាងត្រឹមត្រូវ។ ដោយឡែក ការលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជី សំដៅ​លើ​អ្នកទទួលមរណភាព និងអ្នកដែលត្រូវបាន ដកសិទ្ធិបោះឆ្នោតបណ្តោះអាសន្ន។

    គិត​ត្រឹមថ្ងៃទី៣០ ខែកញ្ញានេះ គ.ជ.ប បានសហការជាមួយអាជ្ញាធរឃុំ-សង្កាត់ ជាពិសេសមេភូមិ ចុះចែក លិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋបានជាង៤លាន៥៨ម៉ឺននាក់ ស្មើនឹង​៤៩.៧៦​ភាគ​រយ នៃចំនួនលិខិត អញ្ជើញដែល គ.ជ.ប បានបោះពុម្ភ។ ការងារចែកលិខិតអញ្ជើញនេះ នៅ​តែ​បន្ត​រហូត​ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង