គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ឆ្នាំ២០២០ ចំនួន ៣០០.៣៩០នាក់
ភ្នំពេញ៖ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានផែនការចុះឈ្មោះ អ្នកបោះឆ្នោតថ្មីចំនួន ៣០០.៣៩០ (បីរយពាន់ បីរយកៅសិប) នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ១២៣.២៥១ (មួយរយម្ភៃបីពាន់ ពីររយហាសិបមួយ) នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់ គ.ជ.ប នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។
គ.ជ.ប បញ្ជាក់ថា អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៩ មានចំនួន ៨.៦២៩.៣៥៧ (ប្រាំបីលាន ប្រាំមួយរយម្ភៃប្រាំបួនពាន់ បីរយហាសិបប្រាំពីរ) នាក់ និងមានការិយាល័យបោះឆ្នោតប៉ាន់ស្មាន ឆ្នាំ២០២០ មានចំនួន ២៣.៤១៨ (ម្ភៃបីពាន់ បួនរយ ដប់ប្រាំបី) ការិយា ល័ យ។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នេះ គឺមានគោលដៅធានាឱ្យបញ្ជីបោះឆ្នោត មានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព តាមរយៈ ៖
• ការលុបឈ្មោះអ្នកបោះឆ្នោតដែល ៖
– បានទទួលមរណភាព
– ត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន
– បានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង
• ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើសុំរបស់សាមីខ្លួនដោយមានឯកសារសំអាង ត្រឹមត្រូវ
• ការចុះឈ្មោះបោះឆ្នោត ជូនប្រជាពលរដ្ឋដែល៖
– ទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៣)
– ទើបបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី
– មានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ។
គ.ជ.ប សង្ឃឹមថា ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានលក្ខខណ្ឌ និងឯកសារគ្រប់គ្រាន់នឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលសាមីខ្លួនកំពុងរស់នៅ និងត្រូវបោះឆ្នោត ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានសិទ្ធិបោះឆ្នោតនៅពេលបោះឆ្នោត ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានរយៈពេល ១៩ ថ្ងៃ គឺចាប់ពី ថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០៕
ប្រភព៖ FB-Page BAYON Radio