ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៥៤៩គ្រួសារ ទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស
កណ្ដាល៖ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវចំនួន ៥៤៩គ្រួសារ បានទទួលអំណោយ របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី តាមរយៈឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្អាង ។
ការចែកអំណោយជូនដល់ប្រជាពលរដ្ឋទាំង២ឃុំបានធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែតុលាឆ្នាំ ២០២០នេះ ស្ថិតវត្តសាលាអណ្តែតហៅវត្តអណ្តូងស្ថិតក្នុងភូមិអណ្តូង ឃុំក្រាំងយ៉ូវ ។ ក្នុងចំណោមប្រជាពលរដ្ឋទាំង ៥៤៩គ្រួសារ មានប្រជាពលរដ្ឋ ២៧០គ្រួសារ មកពីឃុំស្អាងភ្នំ និង២៧៩គ្រួសារ នៅឃុំក្រាំងយ៉ូវ ។
ថ្លែងក្នុងពិធីចែកអំណោយនេះ ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ និងបានបញ្ជាក់ថាការជួយនេះគឺពុំមានរើសអើងនិន្នាការនយោបាយនោះទេ ។
ឯកឧត្តម ប្រាក់ សុខុន ក៏បានជំរុញឲ្យប្រជាពលរដ្ឋថែរក្សាសុខភាព ប្រយ័ត្នកុមារតូចៗកុំឲ្យលេងទឹក ជាពិសេសទីណាមានទុក្ខ ទីនោះមានសម្តេចតេជោទៅជួយ ទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជាទៅជួយ ទីណាមានទុក្ខ គឺទីនោះមានក្រុមការងារគណបក្សប្រជាជនកម្ពុជាទៅជួយ៕