រកឃើញវិជ្ជមានវីរុសកូវីដ១៩ ថ្មីម្នាក់ទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅថ្ងៃទី១០ធ្នូ
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០១នាក់ ដែលជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងមិនមានករណីជាសះស្បើយទេ។
គិតពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សរុបចំនួន ៤០នាក់។
ករណីវិជ្ជមានវីរុសកូវីដ១៩ ១ករណីនេះ ៖
- ស្ត្រីជនជាតិខ្មែរឈ្មោះ ទីម ស្រីពេជ្រ អាយុ ២៦ឆ្នាំ រស់នៅខណ្ឌដូនពេញ (ជាមិត្តភក្តិរបស់អ្នកជំងឺឈ្មោះ អិត កុម៉ាល ដែលបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០)
ក្រសួងសុខាភិបាល សូមអញ្ជើញអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ទាំងអស់ ទៅធ្វើតេស្តដោយយកវត្ថុសំណាកលើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ធ្នូស្អែកនេះ ទៅតាមទីតាំងដូចខាងក្រោម៖
- បរិវេណក្រសួងមហាផ្ទៃ(សម្រាប់បុគ្គលិក-មន្ត្រីរាជការ) ពីម៉ោង ៨ព្រឹក
- បរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក (សម្រាប់ប្រជាពលរដ្ឋដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា) ពីម៉ោង ៧ព្រឹក
- ដោយឡែកសម្រាប់អ្នកប៉ះពាល់ទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅតាមបណ្ដាខេត្ត សូមអញ្ជើញទៅធ្វើតេស្តជាលើកទី៣ នៅតាមមន្ទីរសុខាភិបាលខេត្ត(ដែលទទួលខុសត្រូវក្នុងការរៀបចំទីកន្លែងធ្វើតេស្តយកវត្ថុសំណាកនៅពេលនោះ សម្រាប់អ្នកពាក់ព័ន្ធនៅតាមខេត្ត)។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៥៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០៧នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៥០នាក់ និងមិនមានករណីស្លាប់ទេ៕