ក្រសួងសុខាភិបាល៖ រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០១នាក់ និងមានករណីជាសះស្បើយ ០១នាក់
ភ្នំពេញ៖ ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី០១នាក់ ជាករណីពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងមានអ្នកជំងឺ ០១នាក់បានជាសះស្បើយផងដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០១នាក់នោះ គឺលើបុរសជនជាតិខ្មែរ ឈ្មោះ សាយ សៅលាង អាយុ ២១ឆ្នាំ រស់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl’s Jr Burger ទទួលទំពូនងធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ធ្វើការនៅហាងPedro ផ្លូវព្រះសីហនុ ដែលបានរកឃើញមានវីរុសកូវីដ១៩នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលឈ្មោះ សាយ សៅលាង គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់ អង្រែ រាជធានីភ្នំពេញ។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៤៦នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយចំនួន ៣០៦នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៤០នាក់ និងមិនមានករណីស្លាប់ទេ៕