គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល​៖ អ្នកប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុងគ្រី នឹង​ត្រូវ​ធ្វើ​តេស្តរកវីរុសកូវីដ១៩​​ ៣ដងទៀត​ បន្ទាប់​ពីធ្វើតេស្ត​លើកទី​១​ អវិជ្ជមាន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ក្រសួងសុខាភិបាល​៖ អ្នកប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុងគ្រី នឹង​ត្រូវ​ធ្វើ​តេស្តរកវីរុសកូវីដ១៩​​ ៣ដងទៀត​ បន្ទាប់​ពីធ្វើតេស្ត​លើកទី​១​ អវិជ្ជមាន​ ក្រសួងសុខាភិបាល​៖ អ្នកប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុងគ្រី នឹង​ត្រូវ​ធ្វើ​តេស្តរកវីរុសកូវីដ១៩​​ ៣ដងទៀត​ បន្ទាប់​ពីធ្វើតេស្ត​លើកទី​១​ អវិជ្ជមាន​

    ភ្នំពេញ​៖ ក្រសួង​សុខាភិបាល​​បាន​ប្រកាស​ឲ្យដឹងថា​ ការធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​ សរុបមាន​ចំនួន​ ៨៤០នាក់ហើយ​ គឺអវិជ្ជមាន​វីរុស​កូវីដ​១៩​ទាំងអស់​ តែ ​ធ្វើ​ត្រូវ​បន្ត​ធ្វើ​តេស្ត​ ៣ដង​ទៀត​ និង​​ធ្វើចត្តាឡីស័ក​នៅ​តាម​គេហដ្ឋាន​ឲ្យ​បាន​ត្រឹម​ត្រូវ​។

    យោងតាម​សេចក្ដីជូនព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ បាន​ឲ្យដឹងថា​ ការធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ជាមួយ​​ឯកឧត្ដម​ រដ្ឋមន្ត្រីការបរទេស​ និង​ពាណិជ្ជកម្ម​ហុង​គ្រី​ នៅថ្ងៃទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ មានចំនួន​ ២១២នាក់​(ក្នុង​នេះ មាន​ជនជាតិ​ហុងគ្រី១នាក់) ដែលទទួល​បាន​លទ្ធផល​ពីវិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ គឺ​អវិជ្ជមាន​វីរុស​កូវីដ១៩​ទាំងអស់​។ ដូច្នេះ​ចំនួន​សរុប​អ្នកប៉ះពាល់​ទាំងអស់​មាន​ ៨៤០​នាក់​ សម្រាប់​ថ្ងៃទី​៤ និង​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ដែលមាន​លទ្ធផល​អវិជ្ជមាន​វីរុសកូវីដ​១៩​ទាំងអស់​។

    ក្រសួង​សុខាភិបាល​បាន​ឲ្យដឹងទៀត​ថា​ ទោះ​ជាយ៉ាងនេះក្ដី ក្រសួង​សុខាភិបាល​ បាន​ណែនាំ​ដល់អ្នក​ប៉ះពាល់​ទាំងអស់​ដែលមាន​លទ្ធផល​តេស្ត​លើកទី១​ អវិជ្ជមាន​វីរុសកូវីដ​១៩​ ត្រូវ​បន្ត​ធ្វើ​ចត្តាឡីស័កនៅ​តាម​គេហដ្ឋាន​​ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​ ហើយ​សូម​វិល​ត្រឡប់​មក​ធ្វើ​តេស្ត​ឡើង​វិញ​ចំនួន​៣​ដងទៀត​ នៅវិមានមិត្តភាព នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ដែល​មាន​រៀបចំ​ទីតាំង​យកវត្ថុសំណាក​សម្រាប់​ធ្វើ​តេស្ត​រកវីរុស​កូវីដ​១៩​ ចាប់​ពីម៉ោង​៧ព្រឹក​ ទៅតាម​កាលបរិច្ឆេទ​ដូចខាងក្រោម​៖

    • លើកទី២ ថ្ងៃទី​៩ ខែវិច្ឆិកា​ ឆ្នាំ២០២០
    • លើកទី​៣ ថ្ងៃទី១៤​ ខែវិច្ឆិកា ឆ្នាំ​២០២០
    • លើកទី​៤ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០

    សូម​ជម្រាបជូន​ថា​ នៅថ្ងៃទី​៦​ ខែវិច្ឆិកា​ នេះ​ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា​ មិនមាន​ករណី​វិជ្ជមាន​វីរុសកូវីដ​១៩ថ្មី និង​មិន​មាន​ករណីជាសះស្បើយ​ទេ។ គិតត្រឹម​ម៉ោង​៧​ព្រឹកថ្ងៃទី​៦ខែវិច្ឆិកា​ឆ្នាំ​២០២០ អ្នក​មានវីរុស​កូវីដ១៩ សរុប​ ២៩២នាក់​ អ្នក​ព្យាបាលជាសះស្បើយ​សរុប ២៨៦នាក់​ អ្នកកំពុង​សម្រាកព្យាបាល​មានចំនួន​ ៦នាក់​ និង​មិន​មាន​អ្នក​ស្លាប់​ទេ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង