រកឃើញវិជ្ជមានវីរុសកូវីដ១៩ ថ្មី២នាក់ទៀត ជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលបានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន ០២នាក់បន្ថែមទៀត ដែលសុទ្ធជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងមានករណីជាសះស្បើយ ០១នាក់។
ករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ករណីនេះ កើតឡើងលើ៖
- បុរជនជាតិខ្មែរឈ្មោះ ស្រៀន គីមស្រ៊ុន អាយុ ២២ឆ្នាំ រស់នៅ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (បានទៅហាង Zendo បឹងកេងកងកាលពីថ្ងៃទី២៧វិច្ឆិកា)
- ស្ត្រីជនជាតិខ្មែរឈ្មោះ អៀម ធីតា អាយុ ៣៥ឆ្នាំ រស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ (បានទៅហាង Pedro ថ្ងៃទី២៧វិច្ឆិកា)
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលអំពាវនាវចំពោះអ្នកប៉ះពាល់នឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ទាំងអស់ទៅធ្វើតេស្តលើកទី២ ថ្ងៃទី០៨ធ្នូនេះ ដោយក្រសួងសុខាភិបាល បានរៀបចំទីតាំងនៅបរិវេណពហុកីឡដ្ឋានជាតិ និងនៅតាមមន្ទីរសុខាភិបាលរាជធានីខេត្ត(ដែលទទួលខុសត្រូវក្នុងការរៀបចំទីកន្លែងនៅពេលនោះ សម្រាប់អ្នកពាក់ព័ន្ធនៅតាមខេត្ត)។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៥០នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០៧នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៤៣នាក់ និងមិនមានករណីស្លាប់ទេ៕