កម្ពុជារកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួនជិត ១ពាន់នាក់ហើយ
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី៣១ មីនា ដល់ថ្ងៃទី២១ សីហា ឆ្នាំ២០២១នេះ កម្ពុជារកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៩៩៩នាក់ហើយ ដែលប៉ះពាល់ដល់រាជធានី-ខេត្តចំនួន ២៣ លើកលែងតែខេត្តក្រចេះ និងកែបប៉ុណ្ណោះ។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលបានឲ្យដឹងថា រហូតមកដល់ថ្ងៃទី២១ ខែសីហានេះ ក្រសួងបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទ B.1.617.2 (Delta) លើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់មកពីថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែកភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស សរុបចំនួន ៩៩៩នាក់ (ស្ត្រី ៤៩០នាក់) ហើយបានប៉ះពាល់ដល់២៣រាជធានី-ខេត្ត លើកលែងតែពីរខេត្តប៉ុណ្ណោះ គឺខេត្តក្រចេះ និងកែប។
ជាមួយគ្នានេះដែរក្រសួងសុខាភិបាលបានធ្វើការអំពាវនាវដល់ពលរដ្ឋ ពិសេសយុវវ័យគ្រប់រូប ចូលរួមអនុវត្តនូវគោលការណែនាំរបស់ក្រសួងឲ្យបានម៉ត់ចត់ និងត្រឹមត្រូវ លើ ៣ការពារ ៣កុំ ដើម្បីបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ១៩ ចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ពិសេស ឪពុកម្ដាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងវីរុសកូវីដនេះ។