គ.ជ.ប អនុញ្ញាតឲ្យអង្គការខុមហ្វ្រែល (COMFREL) ធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចអនុញ្ញាតឲ្យអង្គការខុមហ្វ្រែល (COMFREL) ធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០។ នៅបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ។
តាមសំណើររបស់អង្គការខុមហ្វ្រែល (COMFREL) ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបានស្នើដល់ គ.ជ.ប សុំបញ្ជីឈ្មោះបោះឆ្នោតដំបូង ឆ្នាំ២០២០ និងសុំកិច្ចសម្របសម្រួលជាមួយថ្នាក់ក្រោមជាតិ ដើម្បីធ្វើសវនកម្មបញ្ជីបោះឆ្នោត ឆ្នាំ២០២០ គ.ជ.ប បានសម្រេចអនុញ្ញាតឲ្យអង្គការខុមហ្វ្រែល (COMFREL) បន្តធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០ទៀត។
ចំពោះ ការធ្វើសវនកម្មលើបញ្ជីបោះឆ្នោតឆ្នាំ២០២០នេះ អង្គការខុមហ្វ្រែល (COMFREL) នឹងចាប់ផ្ដើមដំណើរការនៅចន្លោះ ខែធ្នូ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១។
គ.ជ.ប បានស្នើសុំឲ្យតំណាងអង្គការខុមហ្វ្រែល (COMFREL) និងមន្ត្រី នៃលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោតទាំងអស់ ចូលរួមសហការ និងអនុវត្តវិធានការនានាស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោក។
សូមជម្រាបជូនថា បញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នឹងត្រូវធ្វើការបិទផ្សាយនៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។
សូមបញ្ជាក់ដែរថា ឆ្នាំមុនអង្គការខុមហ្វ្រែល (COMFREL) ក៏បានធ្វើសវនកម្មលើបញ្ជីបោះឆ្នោតឆ្នាំ២០១៩ ផងដែរ ហើយបានវាយតម្លៃថា បញ្ជីបោះឆ្នោត គ.ជ.ប ឆ្នាំ២០១៩ មានភាពល្អប្រសើររហូតដល់ ៩៩.៧% ដោយបានរកឃើញឈ្មោះស្ទួនតែ ៤៤ឈ្មោះប៉ុណ្ណោះ ហើយ គ.ជ.ប ក៏បានដោះស្រាយឈ្មោះស្ទួនទាំងនោះរួចរាល់ហើយទៅតាមករណីនីមួយៗ៕