ប្រមុខការទូតកម្ពុជានឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន លើកទី១៤ តាមរយៈវីដេអូ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន លើកទី១៤ តាមរយៈវីដេអូ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានាព្រឹកថ្ងៃទី៤សីហានេះ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តី ការបរទេស នៃប្រទេសជប៉ុន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-ជប៉ុន លើកទី១៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
សេចក្តីប្រកាសបានឲ្យដឹងទៀតថា ប្រទេសជប៉ុន នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំនេះ ហើយរដ្ឋមន្រ្តីការបរទេសនៃប្រទេសមេគង្គដទៃទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ផងដែរ។
រដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន នឹងពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន នៅក្នុងវិស័យផ្សេងៗ កំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនេះ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព លើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម សេដ្ឋកិច្ច និងវប្បធម៌ក្នុងចំណោមប្រទេសមេគង្គ និងប្រទេសជប៉ុន និងដើម្បីធានាបាននូវអនុតំបន់មេគង្គ ដែលកាន់តែរស់រវើក ដោយគិតគូរពិចារណាទៅលើជំងឺកូវីដ-១៩ និងការប្រឈមនានា ដែលកំពុងកើតមានឡើង។ រដ្ឋមន្រ្តីទាំងអស់ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាផងដែរ លើ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា៕