ប្រមុខការទូតកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី នៅថ្ងៃទី៦កក្កដា
ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ តាមរប្រព័ន្ធវីដេអូ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃទី០៥កក្កដានេះ។
សេចក្ដីប្រកាសឲ្យដឹងដែរថា សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ីនាពេលបច្ចុប្បន្ន និងសហព័ន្ធរុស្ស៊ី នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ។
កិច្ចប្រជុំនេះនឹងពិនិត្យឡើងវិញនូវសមិទ្ធផលនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី ដែលសម្រេចបានក្នុងរយៈពេល ២៥ឆ្នាំកន្លងមក លើវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន ក៏ដូចជាបន្តការតាមដានការងារក្រោយកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ស្ដីពីជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំមុន។
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ គឺជាការបោះជំហានទៅមុខបន្ថែមទៀតនៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី សម្រាបកិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងខណៈដែលពិភពលោកកំពុងមានបញ្ហាប្រឈម។
គួរកត់សំគាល់ផងដែរថា ប្រទេសកម្ពុជានឹងទទួលតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ចាប់ពីខែសីហា ឆ្នាំ២០២១នេះ៕